ក្រសួងពាណិជ្ជកម្ម ស្វាគមន៍រាល់វិនិយោគិនថៃ ដែលចង់មកបណ្តាក់ទុននៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងសិក្ខាសាលាស្តីពី «ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣» នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ មីនា កន្លងទៅនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការស្វាគមន៍ដល់ធុរជន វិនិយោគិនថៃ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍ដល់វិនិយោគិនថៃ ដែលមានគម្រោង វិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ជាពិសេសសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា អាចមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។

លើសពីនោះ លោក ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត។

ដោយឡែក ចំពោះប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ នៅតែមានការកើនឡើងជាលំដាប់។

គួរឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ ក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លាន ដុល្លារសហរដ្ឋអាម៉េរិក កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១។ជាពិសេស ភាគីទាំងពីរ បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រឹមឆ្នាំ ២០២៥៕