មកស្គាល់ឈ្មោះថ្នាក់ដឹកនាំមានងារ «តេជោ» ចំនួន២៩រូប នាសម័យមុន មុនសម្តេចតេជោ ហ៊ុន សែន

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងការគ្រប់គ្រងរដ្ឋតាំងពីដើមរៀងមក មន្ត្រីរាជការតូចធំ សុទ្ធតែមានងារសម្រាប់តំណែង​របស់​ខ្លួន​ទៅ​តាម​កម្រិត​ឋានៈ​តួនាទី។ ក្នុងនោះ ងារ​មួយ​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​​គឺ «តេជោ»។ ក្នុង​វចនានុក្រមខ្មែរ បាន​ពន្យល់​​មេពាក្យ​​ថា តេជ [អាន​ថា ដែច] បា.សំ (ន) (តេជស) ​មាន​ន័យ​ថា អំណាច, កម្លាំង, កម្តៅ, ភ្លើង ។ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ឯកសារ​ព្រះរាជពង្សាវតារ​ក្រុង​កម្ពុជា​ធិបតី​ឆ្នាំ១៩៣៤ ​​បោះពុម្ភ​ឆ្នាំ២០២១ ដោយ​ពុទ្ធ​សាសនបណ្ឌិត្យ ​​បាន​ប្រមូល​ស្រង់ងារ​ដែល​មាន​ពាក្យ «តេជោ» គិត​តាំង​ពី​ការ​កកើត​រដ្ឋ​ខ្មែរ​នៅ​ឆ្នាំ​២៦៧ មុន​ គ.ស ​​រហូត​​មក​ដល់​រាជ​ព្រះបាទ​នរោត្តម ដែល​ទ្រង់​​បាន​សោយ​ព្រះ​សុវណ្ណគត ក្នុង​ឆ្នាំ​១៩០៤ ឃើញ​ថា​​ថ្នាក់​ដឹកនាំ​ដែល​មាន​ងារ «តេជោ» មាន​ចំនួន ២៩​រូប ដូច​ខាង​ក្រោម៖

១. ពញាធម្មាតេជោ៖ ឆ្នាំ៨៦, ចៅហ្វាយស្រុក​ខេត្តបាទី ក្រោយ​មក​ទៅ​ឈរ​រក្សា​ខេត្ត​បាភ្នំ​វិញ
២. ពញាតេជោដំឌិន៖ ឆ្នាំ៦២១, មេទ័ព
៣. ឧកញ៉ាតេជោ ស្រី៖ ឆ្នាំ១៤៣៤, ចៅហ្វាយស្រុកខេត្ត​សំរោងទង ជីកបឹងតេជោ
៤. ឧកញ៉ាតេជោ៖ ឆ្នាំ១៥១២, មន្ត្រីជាន់ខ្ពស់
៥. ឧកញ៉ា​ពេជតេជោ៖ ឆ្នាំ១៥២២, មេទ័ព
៦. ឧកញ៉ា​យស​តេជោ៖ ឆ្នាំ១៥២២, មេទ័ព
៧. ឧកញ៉ា​តេជោ អួង៖ ឆ្នាំ១៥២២, មេទ័ព
៨. ព្រះឥន្ទ្រាតេជោ ជៃ៖ ឆ្នាំ១៥៧៦, មន្ត្រីម្នាក់​ក្នុង​ចំណោម​រាជទូត
៩. ឧកញ៉ាធម្មាតេជោ៖ ឆ្នាំ១៥៧៦, មន្ត្រីចាត់ទៅបោះគោលជាមួយរាជទូតសៀម
១០. ឧកញ៉ាតេជោ ម៉ុក៖ ឆ្នាំ១៦២១, មេទ័ព
១១. ឧកញ៉ាធម្មាតេជោ អ៊ុក៖ ឆ្នាំ១៦២១, មេទ័ព
១២. ឧកញ៉ាធម្មាតេជោ៖ ឆ្នាំ១៦៨២, ចៅហ្វាយស្រុកខេត្តបាភ្នំ
១៣. ឧកញ៉ាធម្មាតេជោ ស្រី៖ ឆ្នាំ១៦៨៣, មេទ័ព
១៤. ឧកម៉ឺនចោមចៃចុងរ័ក្ស អ៊ិន៖ ឆ្នាំ១៦៩៣, ឧកញ៉ាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង
១៥. ឧកញ៉ាតេជោ សោម៖ ឆ្នាំ១៧៥៦, ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
១៦. ពញាជម្នះសង្គ្រាម មូវ ឬមូរ៖ ឆ្នាំ១៧៥៦, ស្តេចតាំងឱ្យធ្វើជាឧកញ៉ាតេជោ នៅស្រុកខេត្តកំពង់ស្វាយ
១៧. ឧកញ៉ាស្រីអនុជិត ទែន៖ ឆ្នាំ១៧៥៩, ឧកញ៉ាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
១៨. ឧកញ៉ាតេជោ ម៉ឺង៖ ឆ្នាំ១៨០៦, ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
១៩. ឧកញ៉ាធម្មាតេជោ មាន្ទ់៖ ឆ្នាំ១៨១១, មេទ័ពជើងទឹក
២០. ឧកញ៉ាតេជោ៖ ឆ្នាំ១៨៤៨, ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ ស័ក្តិ១០ហ៊ូពាន់
២១. ឧកញ៉ាយសតេជោ៖ ឆ្នាំ១៨៤៨, ចៅហ្វាយស្រុកខេត្តកំពង់លែង ស័ក្តិ៧ហ៊ូពាន់
២២. ឧកញ៉ា​ធម្មាតេជោ ប៉ាង៖ ឆ្នាំ១៨៦១, ចៅហ្វាយស្រុកខេត្តបាភ្នំ
២៣. ឧកញ៉ាធម្មាតេជោ ជៃ៖ ឆ្នាំ១៨៦១, ចៅហ្វាយស្រុកខេត្តបាភ្នំ (ខ្សែព្រះអង្គម្ចាស់ វ័ត្ថា)
២៤. ឧកញ៉ាគាមវាន់ចែស្តារិទ្ធីគីរីតេជោ ចៅ ណុប៖ ឆ្នាំ១៨៦១, អ្នកប្រាជ្ញតែងលើកគោរមងារ
២៥. ឧកញ៉ាធម្មាតេជោចក្រី កែប៖ ឆ្នាំ១៨៦១, មេទ័ព
២៦. ឧកញ៉ាធម្មាតេជោ ហែន៖ ឆ្នាំ១៨៦៦, មេទ័ព
២៧. ឧកញ៉ាតេជោ អី៖ ឆ្នាំ១៨៦៦, ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
២៨. ឧកញ៉ាធម្មាតេជោ តី៖ ឆ្នាំ១៨៧៦, មេទ័ព
២៩. ឧកញ៉ាធម្មាតេជោ គង់៖ ឆ្នាំ១៨៧៦, មេទ័ព

​ជារួម​មក យើង​សង្កេត​ឃើញ​ថា ងារ «តេជោ» ភាគ​ច្រើន​​​​មាន​តួនាទី​ជា​មេទ័ព​​ឆ្នើមៗ ចៅហ្វាយស្រុក ចៅហ្វាយ​ខេត្ត និង​មន្ត្រី​ជាន់ខ្ពស់ ជាដើម។ រីឯ​នៅសតវត្សទី២១នេះ ព្រះរាជាណាចក្រកម្ពុជា​ មាន​តួអង្គ​មួយទៀត ដែល​មានគោរមងារជា «តេជោ» ហើយដែលលោកមានឈ្មោះពេញគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ តេជោសែន មិនត្រឹមតែជាមេទ័ព ឬចៅហ្វាយខេត្ត ដូច តេជោសម័យមុនៗ​នោះ​ទេ​ ប៉ុន្តែ​លោកជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការទទួលបានងារ តេជោរបស់ សម្តេច ហ៊ុន សែន គឺអនុលោមទៅតាមវិរភាពរបស់ សម្តេច ក្នុងការលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីជាតិមាតុភូមិកម្ពុជា៕