សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមីនានេះបានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់ សេចក្តីព្រាងផែនការជាតិ និងការអភិវឌ្ឍថាមពលអគ្គិសនី។ ក្នុងកិច្ចនោះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្កេម ដោយមិនបង់លុយទាំងអស់។ ចំណែក សហព័ន្ធកីឡាដែលមកចូលរួមក៏មិនត្រូវបង់លុយដែរ។
ជាមួយគ្នានោះ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬ ក៏អោយ free តែម្តង ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជា។ នេះបើតាមលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកនេះនៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន កាលរសៀលថ្ងៃទី៣០ ខែមីនាម្សិលមិញ បានដាក់ចេញបទបញ្ជាមិនឱ្យមានការលក់សំបុត្រចំពោះការចូលទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នោះឡើយ ដោយសម្ដេចប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទស្សនាដោយសេរី។ ការចេញបទបញ្ជារបស់សម្តេចតេជោ នាពេលនេះបន្ទាប់ពីសម្ដេចតេជោទទួលបានព័ត៌មានតាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិថាមានការផ្សព្វផ្សាយថាមានការលក់សំបុត្រចូលទស្សនាក្នុងពេលពិធីបើក និងពិធីបិទ កីឡាស៊ីហ្គេមនៅកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានចំណាយប្រាក់ទាំងមូលដ្ឋានសម្ភារៈបច្ចេកទេស ក៏ដូចជាជំនួយពីមិត្តចិនសម្រាប់ការកសាងនូវមូលដ្ឋាននៃការប្រកួត ព្រមទាំងចំណាយនូវធនធានជាច្រើនដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរាប់រយលានដុល្លារ និងបានចំណាយពេលជាច្រើនឆ្នាំទម្រាំកើតចេញជារូបរាងនៃការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា»។
សម្ដេចតេជោបញ្ជាក់ថា គ្មានការបង់ប្រាក់ណាមួយ សម្រាប់ប្រជាជនចូលទៅទស្សនាក្នុងពិធីបើក-បិទ និង ទស្សនាគ្រប់វិញ្ញាសារនៃការប្រកួតនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជានោះឡើយ។
សូមជម្រាបជូនថា ថ្ងៃទី៣១ មីនា ឆ្នាំ២០២៣នេះ គឺនៅសល់តែ ៣៥ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ៕