លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជាបានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់លោក Sameh SHOUKRY រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា លទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការ គឺកម្ពុជា និងអេហ្ស៊ីប បានចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៣ ។ ឯកសារសំខាន់ៗទាំងនោះរួមមាន (១) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ វប្បធម៌ (២)អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកបុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌ និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានសិក្សាការទូតអេហ្ស៊ីប។
ក្នុងជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ភាគីទាំង២ក៏បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួង ការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពជំរុញឲ្យ មានការចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ចពិគ្រោះយោបល់នេះ នាពេលខាងមុខ។ ឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនង លោក Sameh_SHOUKRY បានបញ្ជាក់ថា អេហ្ស៊ីបនឹងពិចារណាបើកស្ថានទូតរបស់ខ្លួននៅភ្នំពេញ។
លោក ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយក ប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន កិច្ចព្រមព្រៀ ងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនិងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ៕