សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ញើសារលិខិតជូនជនរួមជាតិចំនួន ៨ទំព័រក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ឆ្នាំ២០២៣នេះដោយសម្ដេចតេជោ លើកឡើងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះនេះ ជាឆ្នាំចុងក្រោយនៃអាណត្តិ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញកាលពីខែកញ្ញា ឆ្នាំ២០១៨ សម្រេចបានសមិទ្ធផលធំៗ ថ្មីៗយ៉ាងច្រើនប្រកបដោយមោទនភាព។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោតដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្តមជាប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់ទ្វេដងក្នុងការបម្រើប្រជាជន។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជាមួយគ្នានេះ រាជរដ្ឋាភិបាលខិតខំបន្ដពង្រឹងសមត្ថភាពផ្ទៃក្នុងជាប់ជាប្រចាំ ជាពិសេសការបន្ដអនុវត្តឱ្យមានប្រសិទ្ធភាពនូវការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ឱ្យកាន់តែមុតស្រួចជាងមុន សមត្ថភាពស្ថាប័នសាធារណៈ និងអភិបាលកិច្ចឱ្យកាន់តែរឹងមាំ មានភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព និងមានភាពធន់ខ្ពស់ទៅនឹងវិបត្តិនានា។

សូមជម្រាបជូនថា ថ្មីៗនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំធំៗនានាកន្លងមក។
ព្រះអង្គមានព្រះបន្ទូលមានហឫទ័យសោមនស្សរីករាយផងដែរ ដោយបានឃើញថា ជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោត ទូទៅឆ្នាំ១៩៩៣មក ប្រជាជាតិកម្ពុជាសម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជាធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

បន្ថែមទៀតនោះ ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា “ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំមកនូវកិត្យានុភាពជូនជាតិមាតុភូមិនៅលើឆាកអន្តរជាតិ ជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ។
ក្នុងព្រះរាជសារដដែល ព្រះមហាក្សត្រ មានព្រះបន្ធួលកោតសរសើរ ចំពោះទេពកោសល្យនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងការដោះស្រាយដោយជោគជ័យនូវភាពលំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការ ស្ដារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងរបស័កកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រ ជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុមរមនា៕
