តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិកនឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿននៅពេលសេដ្ឋកិច្ចចិនស្ទុះឡើងជាងមុន 

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមរបាយការណ៍មួយរបស់ធនាគារពិភពលោកបានឱ្យដឹងកាលនៅថ្ងៃព្រហស្បតិ៍ទី៣០មីនាមិ្សលមិញនេះថា កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ នឹងកើនល្បឿនថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសចិនបើកដំណើរការឡើងវិញ ប៉ុន្តែកំណើនសេដ្ឋកិច្ចភាគច្រើននៃផ្នែកផ្សេងទៀតក្នុងតំបន់ ត្រូវបានគេរំពឹងថានឹងថមថយបន្តិចវិញបន្ទាប់ពីបានស្ទុះងើបឡើងខ្លាំងកាលពីឆ្នាំមុន។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិកខែមេសា ២០២៣ និយាយថា ដ្បិតតែវាកំពុងមានស្វាហាប់ក៏ដោយ សកម្មភាពសេដ្ឋកិច្ចនៅទូទាំងតំបន់អាចនឹងជួបភាពបន្ទច់បង្អាក់វិញនៅក្នុងឆ្នាំនេះ ដោយការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល, ការឡើងថ្លៃទំនិញសព្វសារពើ,និងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុដើម្បីទប់ទល់ទៅនឹងអតិផរណាដែលនៅតែបន្តឥតស្រាកស្រាន្ត។  

នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ សេដ្ឋកិច្ចត្រូវបានព្យាករថានឹងទទួលបានកំណើនដល់ ៥,‌១% ក្នុងឆ្នាំ២០២៣ ពី ៣,៥% ក្នុងឆ្នាំ២០២២ ដោយសារការបើកឡើងវិញរបស់ប្រទេសចិនជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានកំណើនស្ទុះឡើងដល់ ៥,១% ពីកម្រិត ៣% ក្នុងឆ្នាំមុន។ ចំណែកនៅតំបន់ខាងក្រៅប្រទេសចិន កំណើនត្រូវបានគេរំពឹងថាស្រុតចុះមកនៅត្រឹម ៤,៩% ក្រោយពីមានសន្ទុះស្វាហាប់ឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២២ក្រោយសម័យកូវីដ-១៩ ដោយសារអតិផរណា និងបំណុលគ្រួសារកើនឡើង បានដាក់សម្ពាធទៅលើការប្រើប្រាស់ទទួលទានក្នុងបណ្តាប្រទេសមួយចំនួន។   

លោកស្រី ម៉ានូអែលឡា ហ្វេរ៉ូ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថាដូច្នេះថា«ភាគច្រើននៃក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានឆ្លងផុតការលំបាកក្នុងសម័យជំងឺរាតត្បាតរួចហើយ ប៉ុន្តែពេលនេះត្រូវធ្វើម៉េចដើម្បីបន្តដំណើរទៅមុខនៅលើទីលានសេដ្ឋកិច្ចសកលមួយដែលមានការប្រែប្រួល។ ដើម្បីរក្សាសន្ទុះនេះ  នៅមានកិច្ចការដែលត្រូវធ្វើដើម្បីជំរុញនវានុវត្តន៍ និងផលិតភាពឱ្យកាន់តែខ្លាំងថែមទៀត និងរៀបចំគ្រឹះមូលដ្ឋានសម្រាប់ការស្តារឡើងវិញកាន់តែមានភាពបៃតងជាងបច្ចុប្បន្ន»។ 

នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំ ភាគច្រើនរួមមានប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងកើនឡើងតិចតួចទេនៅក្នុងឆ្នាំ២០២៣ ធៀបទៅនឹងឆ្នាំ២០២២។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកភាគច្រើនត្រូវបានគេព្យាករថានឹងមានកំណើនសេដ្ឋកិច្ចកាន់តែលឿននៅឆ្នាំ២០២៣ លើកលែងតែប្រទេសហ្វីជី ដែលកំណើននឹងថមថយបន្តិចវិញបន្ទាប់មានល្បឿនស្ទុះខ្លាំងនៅក្នុងឆ្នាំ២០២២។ 

នៅក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងកាន់តែមានស្ថិរភាព ជាងសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀត។ ជាលទ្ធផល កម្រិតភាពក្រីក្របានធ្លាក់ចុះគំហុក ហើយ វិសមភាពស្រុតចុះជាងមុនផងដែរ ជាពិសេសនៅក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ ការខិតខំរបស់ប្រទេសទាំងនេះក្នុងដេញតាមឱ្យទាន់កម្រិតប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅក្នុងបណ្តាសេដ្ឋកិច្ចជឿនលឿន បាននៅទ្រឹងមួយកន្លែងនៅក្នុងប៉ុន្មានឆ្នាំនេះ ដោយសារតែការធ្លាក់ចុះនៃកំណើនផលិតភាព និងល្បឿននៃកំណែទម្រង់រចនាសម្ព័ន្ធ។ ការដោះស្រាយ “គម្លាតកំណែទម្រង់” សំខាន់ៗ ជាពិសេសផ្នែកសេវាកម្ម អាចនឹងពង្រីកឥទ្ធិពលនៃបដិវត្តន៍ឌីជីថល និងជំរុញផលិតភាពទៅមុខនៅក្នុងវិស័យនានា ចាប់តាំងពីវិស័យលក់រាយ និងហិរញ្ញវត្ថុ រហូតដល់ការអប់រំ និងសុខភាព។ 

សេដ្ឋកិច្ចនៃតំបន់ក៏ត្រូវតែទប់ទល់នឹងបញ្ហាប្រឈមសំខាន់ៗចំនួនបីផងដែរ ខណៈដែលអ្នកធ្វើគោលនយោបាយចាត់វិធានការដើម្បីរក្សាស្ថិរភាព និងពន្លឿនកំណើនសេដ្ឋកិច្ចក្រោយសម័យកូវីដ-១៩។ ការកើនឡើងនៃភាពតានតឹងរវាងដៃគូពាណិជ្ជកម្មធំៗនឹងប៉ះពាល់ដល់លំហូរពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យានៅទូទាំងតំបន់។ ការកើនឡើងយ៉ាងរហ័សនូវជនជរាក្នុងបណ្តាប្រទេសេដ្ឋកិច្ចធំៗមួយចំនួនក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ស្តែងឱ្យឃើញពីបញ្ហាប្រឈម និងហានិភ័យថ្មីជាមួយនឹងផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច សមតុល្យសារពើពន្ធ និងសុខភាព។ ជាចុងក្រោយ តំបន់នេះត្រូវប្រឈមមុខនឹងហានិភ័យអាកាសធាតុ ជាពិសេសមួយផ្នែកដោយសារតែមានដង់ស៊ីតេប្រជាជន និងសកម្មភាពសេដ្ឋកិច្ចខ្ពស់នៅតាមតំបន់ឆ្នេរសមុទ្ររបស់ខ្លួន។ 

លោក អាយឌីត្យា ម៉ាទូ សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ថាដូច្នេះថា «ចរន្តបដិសកលភាវូបនីយកម្ម, ភាពជរា និងការប្រែប្រួលអាកាសធាតុ កំពុងបង្កភាពអាប់អួរដល់ទស្សនាទានសម្រាប់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ដែលទទួលបានវឌ្ឍនភាពតាមរយៈការធ្វើពាណិជ្ជកម្ម ប៉ុន្តែក៏មានចំនួនមនុស្សចាស់កើនឡើងលឿនដែរ។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែអាចពង្រឹងកំណើនឱ្យមានភាពរឹងមាំបាន តាមរយៈការជំរុញពាណិជ្ជកម្មថែមទៀត, ការដោះស្រាយបញ្ហាប្រជាសាស្ត្រ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ»៕ អត្ថបទ៖សារេត