ស្របពេលទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនកើនដល់ជិត២ពាន់លានដុល្លារអាមេរិកក្នុងឆ្នំា២០២២ក្រសួងពាណិជ្ជកម្មបានផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងស្រុកចំនួន៦៦ចូលរួមស្វែងយល់ស្តីពីផលិតផលផ្លែឈើក្រៀមនិងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារជប៉ុន ក៏ដូចជាការពង្រឹងប្រព័ន្ធគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យទំនើបដើម្បីពង្រីកទីផ្សារ។
លោក កៅ កោសល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពីផលិតផលផ្លែឈើក្រៀមនិងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារជប៉ុននៅថ្ងៃទី៣១មីនានេះថាមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន តែងតែជួយគាំទ្រដល់កម្មវិធីជំរុញពាណិជ្ជកម្មកម្ពុជា នាពេលកន្លងមក។ ជាក់ស្ដែងសិក្ខាសាលាថ្ងៃនេះ ជាលទ្ធផលក្នុងការជំរុញការនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន។
លោកបញ្ជាក់ថា «សិក្ខាសាលាថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយ និងផ្តល់ចំណេះដឹងបទពិសោធន៍ អំពីការជំរុញនាំចេញផលិតផលផ្លែឈើក្រៀម និងផលិតផលកសិកម្មកម្ពុជាសម្រាប់ទីផ្សារប្រទេសជប៉ុន ក្រោយវិបត្តិជំងឺកូវីដ-១៩។ សិក្ខាសាលានេះ នឹងបង្ហាញពីឱកាស និងបញ្ហាប្រឈម ក្នុងគោលដៅពង្រីកការនាំចេញផលិតផលកសិកម្មនិងចំណីអាហារកម្ពុជាទៅកាន់ប្រទេសជប៉ុន ក៏ដូចជាការពង្រឹងប្រព័ន្ធគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងសម័យទំនើបដើម្បីពង្រីកទីផ្សារ»។
លោកលើកឡើងថា ការរីកចម្រើនរបស់កម្ពុជាពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ។ រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតដល់សព្វថ្ងៃ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគ របស់វិស័យឯកជនជប៉ុននៅកម្ពុជា។
យោងតាមអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន មានទឹកប្រាក់ប្រមាណជាង១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុន មានទឹកប្រាក់ប្រមាណជាង១.១៧៣លានដុល្លារអាមេរិក និងជប៉ុនបាននាំចូលមកកម្ពុជាមានទឹកប្រាក់ប្រមាណជាង៧៧៥លានដុល្លារអាមេរិក។ គម្រោងវិនិយោគសំខាន់ៗរបស់ជប៉ុននៅកម្ពុជា រួមមានវិស័យបង្គុំរថយន្ត និងបរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្មការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ក្រៅពីគម្រោងវិនិយោគដែលបានចុះបញ្ជី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏មាននូវវត្តមាននៃធុរកិច្ចជប៉ុនតូចធំ ប្រមាណ ១.៧០០ ក្រុមហ៊ុន ដែលមានសកម្មភាពក្នុងវិស័យធនាគារ អាកាសចរណ៍ និងភោជនីយដ្ឋាន។
លោក កៅ កោសល គូសបញ្ជក់ថា «ក្នុងគោលបំណងដោះស្រាយបញ្ហាជូនវីនិយោគិនជប៉ុននៅកម្ពុជា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ស្ដីពីសេរីភាវូបនីយកម្ម ការជំរុញ និងការពារវិនិយោគ ដោយបានបង្កើតយន្តការកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។ កិច្ចប្រជុំគណៈកម្មាធិការនេះ គឺជាកិច្ចប្រជុំទ្វេកាន់វវាងតំណាងរាជរដ្ឋាភិបាលកម្ពុជានិងវិស័យឯកជនជប៉ុន ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនជប៉ុន នៅកម្ពុជា»៕ អត្ថបទ៖សារេត