លោក ផារ៉ា មង្គល ដែលជាកូនប្រុសតែម្នាក់គត់របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងជា «រដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។
លោក ផារ៉ា មង្គល ឈ្មោះដើម «ជា សុផាភាសា» បច្ចុប្បន្នមានតួនាទីជា នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នៅមុនឆ្នាំ២០១៦ លោកធ្លាប់បម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងតួនាទីជា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មុននឹងផ្ទេរក្របខណ្ឌមកកាន់ក្រសួងរៀបចំដែនដី។
សូមជម្រាបថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានកូនប្រុសស្រីចំនួន៤នាក់ (ស្រី៣ ប្រុស១) ដែលរួមមាន លោកស្រី ជា សុផាម៉ាដែន លោកស្រី ជា សុផាកន្នី លោកស្រី ជា ជុតិម៉ា និងកូនប្រុសពៅ ផារ៉ា មង្គល៕