អាជ្ញាធរភ្នំពេញ ត្រៀមរថយន្តក្រុង ៣៤៥គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋដោយមិនគិតថ្លៃក្នុងពិធីបុណ្យចូលឆ្នាំថ្មី

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតប្រាក់ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមរថយន្តក្រុងដោយមិនបង់ប្រាក់ទាំងអស់។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង ខណៈសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ ត្រូវបានប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង។

គួរបញ្ជាក់រម្លឹកដែរថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានាទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅអំឡុងពាក់កណ្តាលខែមេសា ខាងមុខនេះ៕ អត្ថបទ៖ ពិសី