នាពាក់កណ្តាលឆ្នាំ២០២៣ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញគ្រោង នឹងដាក់ឱ្យដំណើរការជាផ្លូវការ នូវរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិតទឹកជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងអាចជួយកាត់បន្ថយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានវិនិយោគទៅលើការពង្រីកវិសាលភាពនៃការផលិតទឹកស្អាតបន្ថែមចំនួន ៣ទីតាំងទៀត ។ រោងចក្រផលិតទឹកស្អាតទាំង៣ទីតាំងនោះរួមមាន ១. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានសមត្ថភាពផលិតទឹកសរុប ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ,ទី២. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅដែលមានសមត្ថភាពផលិតទឹកបាន ៣ម៉ឺនម៉ែត្រគូបក្នុងថ្ងៃ និងទី៣. រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ មានសមត្ថភាពផលិតទឹក ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ។

គួររម្លឹកថា នៅក្នុងរដូវប្រាំងឆ្នាំនេះ ខណ្ឌមួយចំនួនតាមជាយរាជធានីភ្នំពេញ បានជួបនូវបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។ ក្រុមការងាររដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ និងអាជ្ញាធរ បានដឹកទឹកចែកជូនប្រជាពលរដ្ឋ ដែលខ្វះទឹកប្រើប្រាស់ ក្នុងខណ្ឌមួយចំនួន ជាពិសេសក្នុងតំបន់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល សម្រាប់បំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា ការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញបានកើនឡើងជាង៨៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ រីឯសមត្ថភាពផលិតបានត្រឹមតែ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ពោលគឺខ្វះ ២៥ម៉ឺនម៉ែត្រគូបទៀត៕



អត្ថបទ៖ រ៉េត សុកធា