សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។នេះបើយោងតាមរបាយការណ៍ចេញ ផ្សាយនៅថ្ងៃទី៤មេសានេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាADB។
នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣»។
ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ហៅកាត់ថា ADO) ខែមេសា ២០២៣ បង្ហាញថា វិស័យទេសចរណ៍ត្រូវបានរំពឹងថានឹងកើនឡើង ៧,៣% ក្នុងឆ្នាំ ២០២៣ មុនពេលថយបន្តិចមកត្រឹម ៦,៨% នៅឆ្នាំ ២០២៤។ សម្ពាធអតិផរណាត្រូវបានរំពឹងថានឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣,0% ក្នុងឆ្នាំ ២០២៣ និង ៤,0% នៅឆ្នាំ ២០២៤។ របាយការណ៍នេះរំលេចថាទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់ប្រទេស ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែង។
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ីនេះ លើកឡើងថា សេដ្ឋកិច្ចរបស់កម្ពុជាបានកើនឡើងប្រមាណ ៥,២% ក្នុងឆ្នាំ ២០២២ ជាពិសេសដោយសារកំណើនតម្រូវការខាងក្រៅលើផលិតផល និងសេវាកម្មទេសចរណ៍របស់កម្ពុជា ដែលជំរុញឡើងវិញនូវតម្រូវការអាហារ និងកន្លែងស្នាក់នៅ និងកំណើនអនុវវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន និងទំនាក់ទំនង ក្នុងស្រុក។ ជាមួយនឹងភាពប្រសើរឡើងនៃទំនុកចិត្តក្នុងការធ្វើដំណើរ និងការលុបចោលការរឹតបន្តឹងការធ្វើដំណើរ ការមកដល់នៃភ្ញៀវអន្តរជាតិបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់ប្រហែល ២,៣ លាននាក់ក្នុងឆ្នាំ ២០២២ ពីមូលដ្ឋានទាបប្រហែល ២00.000 កាលពីឆ្នាំ ២០២១ ។ កំណើននៃវិស័យកសិកម្មបានធ្លាក់ចុះនៅឆ្នាំ ២០២២ ដោយសារតែតម្លៃប្រេងឥន្ធនៈ និង វត្ថុធាតុដើមសម្រាប់វិស័យកសិកម្មផ្សេងទៀត។
កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរត្រូវបានព្យាករថានឹងធ្លាក់ចុះ ដោយសារតែតម្រូវការខាងក្រៅខ្សោយនៅក្នុងសហរដ្ឋអាមេរិកនិងអឺរ៉ុប ដែលជាទិសដៅនាំចេញដ៏សំខាន់។ ទោះជាយ៉ាងណាក៏ដោយ វិស័យឧស្សាហកម្មនៅតែបន្តទទួលបានអត្ថប្រយោជន៍ពីកំណែទម្រង់ គោលនយោបាយរួមទាំងច្បាប់វិនិយោគឆ្នាំ ២០២១ ដែលបានបង្កើតសេវាកម្មច្រកចេញចូលតែមួយ សម្រាប់អ្នកវិនិយោគ និងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ។
ផលិតផលឧស្សាហកម្មត្រូវបានរំពឹងថានឹងកើនឡើង ៥,៨% ក្នុងឆ្នាំ ២០២៣ មុននឹងហក់ដល់ ៧,៨% នៅឆ្នាំ ២០២៤។ កំណើនវិស័យសំណង់ត្រូវបានរំពឹងថានឹងនៅតែយឺត។ វិស័យកសិកម្មត្រូវបាន ព្យាករថានឹងកើនឡើង ១,១% នៅឆ្នាំនេះ និង ១,២% ក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយទិន្នផលដំណាំ សម្រាប់ការនាំចេញ។
លោកស្រី Jyotsana Varma បានបន្ថែមថា «ហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យនេះរួមមានកំណើនខ្សោយនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប កម្រិតខ្ពស់នៃបំណុលឯកជន កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរនិងការវិនិយោគផ្ទាល់ពីបរទេសពីសាធារណៈរដ្ឋប្រជាមានិតចិន តម្លៃថាមពលខ្ពស់ និងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលប៉ះពាល់ដល់ផលិតភាពកសិកម្ម»៕ អត្ថបទ៖សារេត