បន្ទាប់ពីប្រើពេលអស់៩ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធន៍ នៅលើស្រែរបស់ប្រជាកសិករចំនួន៨០កន្លែងរួចមក ពេលនេះពូជស្រូវក្រអូបថ្មី«ចំប៉ីស៧០» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Jistin Whyatt ឯកអគ្គរាជទូតប្រទេសអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥មេសា។

ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ចំប៉ីស៧០ គឺជាពូជស្រូវក្រអូបដែលប្រើពេលត្រឹម៣ខែ ក្នុងការដាំដុះ មិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ ពូជនេះ ក៏ជួយកាត់បន្ថយដើមទុនសម្រាប់ការដាំដុះ ការចំណាយលើការទុកដាក់ស្រូវ និងការបាត់បង់ក្រោយពេលប្រមូលផលផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ « ចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយ សម្តេចតេជោ ហ៊ុន សែន ក្នុងន័យអបអរសាទរខួប៧០ឆ្នាំនៃទំនាក់ ទំនងការទូតដ៏សំខាន់ ជាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ខណៈលោកថា ពូជស្រូវថ្មីមួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការពិពិធកម្ម ផលិកម្មអង្ករក្រអូប និងការនាំចេញអង្ករក្រអូបទៅកាន់ទីផ្សារអន្តរជាតិ ដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុលោក Justin Whyatt បានលើកឡើងដែរថា « ប្រទេសអូស្ត្រាលីមានមោទកភាព ដែលបាន គាំទ្រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងការបង្កើតពូជស្រូវចំប៉ីស៧០នេះ ខណៈលោកសង្ឃឹមថា កសិករទូទាំងប្រទេសកម្ពុជា នឹងដាំដុះពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
គួរបញ្ជាក់ដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងកសិកម្ម និងស្ថានទូតអូស្រ្តាលី បានបញ្ជាក់ថា ពូជស្រូវចំប៉ីស៧០ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) និងរដ្ឋាភិបាលអូស្ត្រាលី។ ចំប៉ីស៧០ត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជាដែលជាស្រូវជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោក ជាមួយនឹងស្រឡាយស្រូវមិនប្រកាន់រដូវ CNi9024។ ពូជស្រូវនេះ បានឆ្លងកាត់ការធ្វើពិសោធន៍នៅលើស្រែកសិករចំនួន៨០កន្លែង ទាំងក្នុងរដូវប្រាំងនិងរដូវវស្សា។
ជាងនេះទៀត ពូជស្រូវថ្មី «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប មិនប្រកាន់រដូវ ដែលមានអាយុកាលពី៩៣ថ្ងៃ (ពង្រោះ) ទៅ៩៧ថ្ងៃ (សន្ទូង)។ ពូជស្រូវចំប៉ីស៧០នេះ ត្រូវបានធ្វើការបង្កាត់រវាងពូជស្រូវផ្ការំដួល ជាពូជស្រូវក្រអូបប្រកាន់រដូវ(មេ) និងស្រឡាយស្រូវ CNi9024 ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលមានប្រភពពីប្រទេសចិន៕ អត្ថបទ៖ពិសី