ក្រោយពីខកខានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នំាថ្មីអស់រយៈពេលច្រើនឆ្នំា។ សម្រាប់ខេត្តសៀមរាបឆ្នំា២០២៣នេះគេរំពឹងថានិងទទួលបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសទៅទស្សនាកម្សាន្តច្រើនជាងតំបន់ទេសចរផ្សេងៗ ពោលអាចនិយាយបានថាខេត្តសៀមរាបអាចនិងក្លាយជាគោលដៅនាំមុខគេដែលទទួលបានចំណូលច្រើនពីការចំណាយរបស់ភ្ញៀវទេសចរទៅកម្សាន្តក្នុងថ្ងៃបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ។

លោក ធឿន វុឌ្ឍី មគ្គុទេសក៍ទេសចរណ៍ម្នាក់ប្រចំាក្នុងខេត្តសៀមរាបបានឱ្យដឹងថា ដោយសារតែយើងខកខានរៀបចំអង្គរសង្ក្រាន្តរយៈពេល២ឆ្នំាកន្លងមក ហើយទើបចាប់ផ្តើមរៀបចំឡើងវិញក្នុងឆ្នំា២០២៣នេះមានលក្ខណៈទ្រុងទ្រាយធំ អ៊ីចឹងប្រជាពលរដ្ឋភាគច្រើនមានបំណងមកលេងនៅខេត្តសៀមរាប ហើយសង្ឃឹមថានិងបានការងារនិងបានប្រាក់ចំណូលមួយចំនួនចូលមកខេត្តសៀមរាប។

លោក ធឿន វុឌ្ឍី បន្តថា «ក្នុងនាមជាអ្នករកស៊ី ពិសេសវិស័យមគ្គុទេ្ទសក៍ទេសចរណ៍ ក៏មានការសង្ឃឹមខ្លះដែរថានិងមានបងប្អូនខ្មែរមួយចំនួនជួលសេវាកម្ម តែអាចនៅមានកម្រិត ព្រោះបងប្អូនខ្មែរយើងជាទូទៅ គាត់មកលេង មកសប្បាយនិងមកកម្សាន្ត ច្រើនជាងការចង់ចេះដឹងអំពីប្រាង្គប្រាសាទនិងប្រវត្តិសាស្ត្ររបស់ខ្មែរ។តែទោះជាយ៉ាងនេះក្តីឆ្នំានេះខេត្តសៀមរាបអាចជាខេត្តទីមួយដែលបងប្អូនខ្មែរនឹងទៅកម្សាន្តនិងមានបំណងចាយលុយច្រើន»។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថាយើងឃើញថាមានការរៀបចំធំដុំឃើញនៅខេត្តសៀមរាប អ៊ីចឹងយើងរំពឹងថានិងមានការចេញដើរកម្សាន្តពីប្រជាពលរដ្ឋក្នុងយើងក៏ដូចជាភ្ញៀវបរទេស ពួកគាត់ចង់ឃើញនូវការគោរពពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ នៅតាមប៉ូលសំខាន់ៗដែលប្រជាពលរដ្ឋចេញដើរមានតំបន់វប្បធម៌ខេត្តសៀមរាប,តំបន់ឆ្នេរសមុទ្រនិងតំបន់កម្សាន្តនៅភាគឦសាន្ត។

លោកជំទាវមានប្រសាសន៍ថា «នៅថ្ងៃបុណ្យចូលឆ្នំាខ្មែរខាងមុខនេះ សម្រាប់ខ្ញុំដែលជាអ្នកប្រតិបត្តិនៅក្នុងវិស័យឯកជនសូមលើកទឹកចិត្តឱ្យអ្នកទេសចរក្នុងស្រុកទំាងអស់ជ្រើសរើសយកគោលដៅកម្សាន្តសម្រាប់ថ្ងៃចូលឆ្នំាខ្មែរសូមជ្រើសរើសយកម្ពុជា ដើម្បីជួយទៅដល់សេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចជាតិក៏ដូចជាផ្តល់ឱកាសការងារដល់អ្នកជំនាញទេសចរ ព្រោះថាទីទំាងទេសចរនិងសេវាកម្មទេសចរជាច្រើនកំពុងប្រឹងប្រែងបើកទ្វារនឹងត្រៀមខ្លួនបម្រើដល់ទេសចរដែលត្រៀមចេញដើរក្នុងកំឡុងពេលបុណ្យចូលឆ្នំាខ្មែរ។ទន្ទឹមនិងនេះខ្ញុំសូមអំពាវនាវទៅដល់ម្ចាស់ទីតំាងបម្រើសេវាទេសចរទំាងអស់ត្រៀមខ្លួនឱ្យបានល្អ ត្រៀមគុណភាពសេវាកម្ម ដោយធ្វើយ៉ាងម៉េចកំណត់តម្លៃឱ្យល្អសម្រាប់ភ្ញៀវក្នុងស្រុកក៏ដូចជាភ្ញៀវបរទេស ដើម្បីឱ្យមានការគំាំទ្រសេវាកម្មនៅក្នុងស្រុករបស់យើង»៕ អត្ថបទ៖ សារ៉េត



