ពីប្រទេសឡាវ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ជាមួយប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ និងតំណាងជាន់ខ្ពស់នៃប្រទេសដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ដើម្បីរួមគ្នាពិភាក្សាគ្នា ដើម្បីលើកកម្ពស់សន្តិសុខទឹកប្រកបដោយចីរភាព សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គ។
កិច្ចប្រជុំនេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមមូលបទ ‹‹នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ-ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព»។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចថា តាមរយៈកិច្ចប្រជុំនោះ មេដឹកនាំនៃប្រទេសមេគង្គ បានទទួលស្គាល់ នូវសារៈសំខាន់នៃការរួមចំណែករបស់អាងទន្លេមេគង្គ ចំពោះផ្នែកពាក់ព័ន្ធនឹងទឹកនៃរបៀបវារៈ សហប្រជាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០។
ជាមួយគ្នានេះ សម្តេចតេជោ បានបន្តថា៖«មេដឹកនាំនៃប្រទេសមេគង្គ ក៏បានទទួលស្គាល់នូវភាពបន្ទាន់ចាំបាច់ជុំវិញបញ្ហាប្រឈមហានិភ័យ និងកាលានុវត្តិភាពសំខាន់ៗ ដែលបណ្តាប្រទេសក្នុងអាងទន្លេមេគង្គក្រោម កំពុងជួបប្រទះនាពេលបច្ចុប្បន្ននិងអនាគត ដែលកើតឡើងដោយអន្តរកម្ម នៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុ នោះការគ្រប់គ្រងទឹកឲ្យប្រសើរបំផុត ដើម្បីសម្រេចឲ្យបាននូវសន្តិសុខ ទឹកក្នុងអាងទន្លេមេគង្គ គឺមានសារៈសំខាន់សម្រាប់និរន្តរភាពបរិស្ថាន និងទ្រទ្រង់សុខុមាលភាពសេដ្ឋកិច្ច និងសង្គម របស់សហគមន៍ក្នុងអាងទន្លេមេគង្គ»។
ក៏ប៉ុន្តែទន្ទឹមនឹងនោះ សម្តេចតេជោថា កិច្ចប្រជុំនោះ មេដឹកនាំទាំងនោះ បានលើកឡើងថា ការពង្រឹងកិច្ចការងារនេះ គឺត្រូវការស្វះស្វែងរកនូវគំនិតថ្មីៗ និងវិធីសាស្ត្រធ្វើការរួមគ្នាប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយឲ្យបានគ្រប់គ្រាន់ ឆ្លើយតបនឹងហានិភ័យដែលចេះតែកើនឡើង និងផលចំណេញខាតពាក់ព័ន្ធនឹងការគ្រប់គ្រង និងអភិវឌ្ឍន៍អាងទន្លេផងដែរ។
លើសពីនេះ មេដឹកនាំ MRC ក៏បានទទួលស្គាល់ផងដែរ នូវការលើកកម្ពស់កាលានុវត្តភាពសម្រាប់សន្តិសុខទឹក ស្បៀងអាហារ និងថាមពលដែលមាន សម្រាប់ប្រទេសក្នុងអាងទន្លេមេគង្គទាំងអស់ អាចកើតមានបានតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ប្រសិនបើប្រទេសទាំងអស់ធ្វើការរួមគ្នា។ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃអង្គការអាងទន្លេ ដែលផ្អែកលើសន្ធិសញ្ញាដ៏រឹងមាំ និងមានចីរភាពផ្នែកហិរញ្ញវត្ថុ។
គួរបញ្ជាក់ដែរថា បើតាមសម្តេចតេជោ បញ្ជាក់ទៀតថា ក្នុងស្ថានភាពដែលមានការវិវត្តផ្នែកស្ថាប័នសម្រាប់ការគ្រប់គ្រងទឹក និងធនធានពាក់ព័ន្ធ ក្នុងអាងទន្លេមេគង្គ មេដឹកនាំ MRC ក៏បានស្វាគមន៍ចំពោះការចូលរួមកាន់តែកើនឡើងពីប្រទេសតាមដងទន្លេទាំងអស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងអាង ដោយឈរស្មារតី នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការជាដើម៕