ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា បានអញ្ជើញប្រកាសមុខតំណែង នាយទាហានជាន់ខ្ពស់ជូនឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន និងបូកសរុបលទ្ធផលការងារ ត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត កូនប្រុសទី២ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានតួនាទីជាប្រធាននាយកដ្ឋានចារកិច្ចនៃក្រសួងការពារជាតិ ត្រូវបានតែងតាំងដោយអនុក្រឹត្យជាមេបញ្ជាការរងកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច។ កាលពីថ្ងៃទី១៧ ខែមីនាដែរ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាកូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន ក៏ត្រូវបានតម្លើងឋានន្តរសក្តិដោយព្រះរាជក្រឹត្យផងដែរ ជានាយឧត្តមសេនីយ៍(ផ្កាយ៤)។
ឯកឧត្តម ហ៊ុន ម៉ានិត ដែលជាឧត្តមសេនីយ៍ផ្កាយពីរ មានតំណែងផ្សេងទៀតផងដែរនៅក្នុងស្ថាប័នរដ្ឋាភិបាល ដែលនោះរួមមានតំណែងជាអនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា តំណែងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងជានាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ដ្រី។
ចំណែកឯនៅក្នុងជួរ គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានិត ជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល៕