គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី បានស្នើសុំការវិនិយោគនៅកម្ពុជា មានចំនួន២២គម្រោង ក្នុងទំហំទុនជិត៧០លានដុល្លារអាមេរិក។ នេះបើយោងតាមជំនួបសម្តែងការគួរសម រវាងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) កាលពីពេលថ្មីនេះ។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើង រវាងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្ម និង ឧស្សាហកម្មឥណ្ឌូនេស៊ី (ICCI) ដឹកនាំដោយ លោក M. Arsjad Rasjid P.M. ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ឆ្នាំ២០២៣។
លោក សុខ ចិន្តាសោភា បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលសំណើសុំវិនិយោគពីឥណ្ឌូនេស៊ី ចំនួន ២២ គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៩លានដុល្លារ ដែលបានវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងសេវាកម្មនៅកម្ពុជា។ ជាមួយគ្នា លោក ក៏បានជំរុញលើកទឹកចិត្តឲ្យវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជា ដើម្បីច្បាមយកកាលានុវត្តភាពវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះ ភាគីទាំងពីរ បានប្តេជ្ញារួមគ្នាថា នឹងជំរុញវិនិយោគិនឥណ្ឌូនេស៊ីមកវិនិយោគនៅកម្ពុជាបន្ថែមទៀត សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យស្ទុះកាន់តែខ្លាំងថែមទៀត៕