សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃសៅរ៍ ទី៨ ខែមេសានេះ ប្រកាសជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន ២០,០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។
សម្តេចតេជោក៏បានបញ្ជាក់លើបណ្តាញសង្គមតេឡេក្រាមថា ប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចតេជោនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។
សូមជម្រាបជូនថា កីឡាករមានដើមកំណើតនៅប្រទេសប្រេស៊ីល Thiago Teixeira បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង បន្ទាប់ពីរូបគេ បានផ្តួលកីឡាកររបស់អង់គ្លេស Joe Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កម្រិតពិភពលោក WMO (World Muaythai Organization) សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
លោក Thiago ធ្លាប់ជាអ្នកប្រដាល់ Muay Thai ហើយក្រោយមកដោយយល់កាន់តែច្បាស់គុនខ្មែរ លោកក៏សម្រេចងាកចិត្តចេញពីប្រដាល់ Muay Thai ដែលរូបគេ បានហ្វឹកហាត់ តាំងពីអាយុ១៦ឆ្នាំ ហើយនេះជាមូលហេតុចម្បងដែលចងចិត្តអ្នកប្រយុទ្ធរបស់ប្រេស៊ីលរូបនេះ ឱ្យយល់ព្រមប្រកួតតំណាងឱ្យកម្ពុជា ដើម្បីជួយផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក៕