រាជរដ្ឋាភិបាលត្រៀមថវិកាជាង៥០លានដុល្លារអាមេរិកសម្រាប់ឧបត្ថម្ភដល់គ្រួសារងាយរងហានិភ័យដោយសារសម្ពាធអតិផរណាជាសកល

សង្គម​ និង​សេដ្ឋកិច្ច

ដើម្បីរក្សាលំនឹងជីវភាពរបស់ប្រជាពលរដ្ឋដែលងាយនិងរងហានិភ័យពីការកើនឡើងនៃសម្ពាធអតិផរណាជាសកល រាជរដ្ឋភិបាលត្រៀមចំណាយថវិកាសរុបជាង៥០លានដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋជាង១លានគ្រួសារនៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីចុះពិនិត្យនិងធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណគ្រួសារងាយរងហានិភ័យនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនិយ័តករសន្តិសុខសង្គមបានឱ្យដឹងថា សម្ពាធអតិផរណាបានកំពុងធ្វើឱ្យប្រជាពលរដ្ឋដែលងាយរងហានិភ័យ នូវស្ថិរភាព ជីវភាពដែលកើតឡើងដោយសារសង្គ្រាមរុស្សី និងអ៊ុយក្រែន កំពុងជះឥទ្ធិពលមកលើសេដ្ឋកិច្ចជាសកល ក៏ដូចកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋដែលទើបចាកចេញពីភាពក្រីក្រ អាចរងនូវហានិភ័យឡើងវិញ ដូច្នេះតាមរយៈកម្មវិធីឧត្តម្ភសាច់ប្រាក់នេះគឺដើម្បីរក្សាលំនឹងជីវភាពពលរដ្ឋ ។

លោកបញ្ជាក់ថា ទំហំថវិកាឧបត្ថម្ភសម្រាប់គ្រួសារងាយរងហានិភ័យដោយសារការកើនឡើងនៃសម្ពោធអតិផរណាជាសកលនេះ រាជរដ្ឋាភិបាលត្រៀមថវិកាសជាង៥០លានដុល្លារអាមេរិក ហើយបើកផ្តល់ជូនចែកចេញជា៣ដំណាក់កាល ដោយក្នុងមួយដំណាក់កាល រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ១៨លានដុល្លារអាមេរិក ដោយលើកទី១រាជរដ្ឋាភិបាលបានបើកផ្តល់ជូនពលរដ្ឋរួចហើយកាលពីខែធ្នូឆ្នំា២០២២ និងលើកទី២ត្រៀមបើកផ្តល់ជូនពលរដ្ឋនៅថ្ងៃទី១០ខែមេសានេះហើយលើកទី៣នៅខែកក្កដាខាងមុខ។

បើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទំហំថវិកាជាង៥០លានដុល្លារអាមេរិក រាជរដ្ឋាភិបាលបើកឧបត្ថម្ភដល់គ្រួសារងាយរងហានិភ័យដោយសារសម្ពោធអតិថផរណាជាសកលនេះមានប្រជាពលរដ្ឋសរុប១លានគ្រួសារនៅទូទាំងប្រទេស។

យោងតាមសារលិខិតរបស់រាជរដ្ឋាភិបាលស្តីពី «ការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា» នៅថ្ងៃទី៧ខែមេសាឆ្នាំ២០២៣នេះថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យដំណើការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដោយបានបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី ១ រួចរាល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ដែលគ្រួសារប្រជាពលរដ្ឋងាយរងហានិភ័យដែលត្រូវបានកំណត់អត្តសញ្ញាណ បានទៅបើកប្រាក់ឧបត្ថម្ភនៅបញ្ជរវឹងនៅទូទាំងប្រទេស។

តាមការសន្យា, រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារប្រជាពលរដ្ឋគោលដៅដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ យោងតាមសារលិខិតរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងអំឡុងពេលមានវិបត្តិ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់គ្រួសារប្រជាពលរដ្ឋកម្ពុជា ពិសេសគ្រួសារក្រីក្រងាយរងគ្រោះ និងងាយរងហានិភ័យ ដែលនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការមិនបោះបង់នរណាម្នាក់ចោល និងបានបង្ហាញយ៉ាងច្បាស់អំពីភាពជាម្ចាស់ការ និងភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពធន់, សមធម៌, និងបរិយាបន្ន។ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា និងដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ឱ្យបានទាន់ពេល តាមការចាំបាច់៕ អត្ថបទ៖សារេត