សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យតែងតាំងលោកស្រី ទូច គីមពៅ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈអនុក្រឹត្យលេខ ៣៧០ អនក្រ.តត កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

លោកស្រី ទូច គីមពៅ បច្ចុប្បន្នមានតួនាទីជាសមាជិកខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយិកាពិធីការផ្ទាល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ខណៈដែលបច្ចុប្បន្នមានអគ្គនាយកដ្ឋានចំនួន៥ គឺ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម អគ្គនាយកដ្ឋានសំណង់ អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងអគ្គនាយកដ្ឋានលំនៅឋាន ព្រមទាំងមានអគ្គាធិការដ្ឋានចំនួនមួយ។
សម្រាប់អគ្គនាយកដ្ឋានរដ្ឋបាល មានអគ្គនាយករងចំនួន៥រូប រួមទាំងលោកស្រី ទូច គីមពៅ ដែលទើបទទួលការតែងតាំងនេះ ហើយអគ្គនាយកដ្ឋាននេះកំពុងដឹកនាំដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល៕


