ក្នុងឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរដែលនិងចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះនិងធ្វើឱ្យប្រជាព លរដ្ឋក្នុងស្រុកជាច្រើនធ្វើដំណើរកម្សាន្ត ហើយក្នុងនោះខេត្តសៀមរាបទទួលបានពលរដ្ឋទៅកម្សាន្តក៏មានចំនួនច្រើនផងដែរ ផ្អែកទៅលើចំនួននៃការកក់បន្ទប់នៅតាមផ្ទះសំណាក់និងសណ្ឋាគារតូច-ធំបានពេញនិងខ្លះទៀតនៅសល់តិចតួចទុកសម្រាប់ស្នាក់នៅឬដើរកម្សាន្តក្នុងកំឡុងថ្ងៃចូលឆ្នំាខ្មែរ។
យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា មកដល់ថ្ងៃនេះសណ្ឋាគារធំភាគច្រើន បន្ទប់ជួលសម្រាប់ស្នាក់នៅពេញហើយ,សណ្ឋាគារមធ្យមនិងតូចទទួលភ្ញៀវឬការកក់បាន៨០ទៅ ៩០% ស្អែក ឬខានស្អែកពេញហើយ។ ដោយទ្បែកផ្ទះសំណាក់បានចន្លោះ ៧០-៨០% ដោយសារភ្ញៀវខ្មែរពេលគាត់មកដើររកកន្លែងស្នាក់។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមានប្រសាសន៍ថា បន្ទប់សេវាស្នាក់នៅមានប្រមាណជាង១ម៉ឺន២ពាន់បន្ទប់ មានពលរដ្ឋខ្មែរខ្លះ ពួកគាត់មកលេងសៀមស្នាក់នៅតាមផ្ទះបងប្អូន និងស្នាក់នៅតាមស្រុកជាប់ផ្លូវជាតិលេខ៦ មានស្រុកពួក, ស្រុកក្រទ្បាញ់, ដំដែក, បន្ទាយស្រី, home stayនិងនៅតាមសហគមន៏ ។
អ្នកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាបានឱ្យដឹងថា នៅក្នុងពិធីបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ២០២៣នេះខាងវិស័យទេសចរណ៍ ពិសេសខាងសណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗ យើងសង្ឃឹមថាទទួលបានភ្ញៀវជាតិច្រើនជាងឆ្នំាមុនៗ ពិសេសខេត្ត ដែលបានរៀបចំព្រឹត្តិការណ៍ធំៗដូចជាខេត្តសៀមរាប, ខេត្តព្រះសីហនុ, កោះកុង, កែប,កំពតជាដើមគឺមានប្រជាពលរដ្ឋពួកគាត់មានគម្រោងទៅលេងកម្សាន្តជាលក្ខណៈគ្រួសារមានចំនួនច្រើន។
អ្នកស្រីបន្តថា «តាមព័ត៌មានដែលខ្ញុំទទួលបានពីសមាជិកនៅខាងខេត្តសៀមរាបគឺគាត់ទទួលបានការកក់បន្ទប់ទុកសម្រាប់ស្នាក់នៅពេលបុណ្យចូលឆ្នំាខ្មែរខាងមុខនេះគឺមានចំនួនច្រើនមែនទែន អ៊ីចឹងនៅតាមអូតែលខ្លះមកដល់ថ្ងៃនេះស៊ឹងមានភ្ញៀវពេញអស់ហើយនិងអូតែលផ្សេងទៀតគាត់បានលើស៥០% »។
អ្នកស្រី ចេង សុមនា អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃសណ្ឋាគារTemplation នៅខេត្តសៀមរាបបានឱ្យដឹងថា« សម្រាប់ថ្ងៃទី១៤-១៥ខាងខ្ញុំពេញ១០០%នៃចំនួនបន្ទប់។Templation ចាប់ផ្តើមរវល់និងទទួលបានភ្ញៀវកើនឡើងតំាងដើមខែមេសាមកម្លោះ ហើយTemplationមានទំាងអស់៥០Unit ហើយតម្លៃស្នាក់នៅក្នុងមួយថ្ងៃចាប់ពីជាង១០០ទៅ៣០០ដុល្លារអាមេរិក។
បើតាមអ្នកស្រី ចេង សុមនា ចាប់តំាងពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងពាក់ព័ន្ធប្រកាសឱ្យទទួលភ្ញៀវទេសចរជាធម្មតាឡើងវិញ សម្រាប់សណ្ឋាគារTemplationទទួលបានភ្ញៀវជាប់រហូត។
តាមអ្នកស្រី ខៃចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៍ថា «នៅឆ្នំានេះខ្ញុំបានសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាបានរៀបចំដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅតាមខេត្តច្រើន ហើយពួកគាត់មានគោលដៅទេសចរណ៍នៅតាមឆ្នេសមុទ្រ,ទេសចរវប្បធម៌,តំបន់ប្រាង្គប្រាសទនិងព្រឹត្តិការណ៍ធំៗនៅក្នុងខេត្តសៀមរាប»៕អត្ថបទ៖សារេត