ឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំ សង្រ្កាន្តវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤, ១៥ និង១៦ ខែមេសា វេលា ម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាការបង្កលក្ខណៈអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលរួមកម្សាន្តសប្បាយ។

លោក ជុំ វុឌ្ឍី ប្រធានមន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ថា គិតមកទល់ពេលនេះការរៀបចំសម្រេចបានជាង៨០ភាគរយហើយ ដោយការងាររៀបទាំងអស់គ្រោងបញ្ចប់១០០ភាគរយ នៅថ្ងៃទី១៣ មេសា ស្អែកនេះ។
លោក ជុំ វុឌ្ឍី បានបញ្ជាក់ទៀតថា សង្ក្រាន្តវត្តភ្នំឆ្នាំនេះ ក៏នឹងមានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមាន មានកម្មវិធីបែបប្រពៃណីសាសនា ពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។

គួរបញ្ជាក់ថា ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ បានខកខានរៀបចំសង្រ្កាន្ត វត្តភ្នំ ចំនួន២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១។ ប៉ុន្តែក្រោយស្ថានធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ២០២២ អាជ្ញាធរបានរៀបចំសង្រ្កាន្តវត្តភ្នំឡើងវិញ ដោយទាក់ទាញអ្នកមកលេងកម្សាន្តជាង២០ម៉ឺននាក់៕





