តំបន់ទេសចរណ៍នៅប៉ែកឦសាន្តធ្លាក់ចុះចំនួនភ្ញៀវទៅកម្សាន្តក្នុងរដូវកាលចូលឆ្នំាខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី១១មេសានៅតាមសណ្ឋាគារមួយចំនួនក្នុងខេត្តរតនគីរីទទួលបានភ្ញៀវកក់បន្ទប់សម្រាប់កម្សាន្តនៅក្នុងរដូវកាលចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរនៅមានចំនួនតិចតួចនៅឡើយ ជាក់ស្តែងសណ្ឋាគារទែរូទទួលបានភ្ញៀវប្រហែល១០%ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមម្ចាស់សណ្ឋាគារទែរូមួយកន្លែងក្នុងខេត្តរតនគីរីបានឱ្យដឹងថានៅថ្ងៃចូលឆ្នំាថ្មីខាងមុខនេះអ្នកស្រីបង្ហាញក្តីរំពឹងថានិងអាចទទួលបានភ្ញៀវជាតិក៏ដូចជាភ្ញៀវអន្តរជាតិដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានិងមកលេងកម្សាន្តច្រើននៅក្នុងខេត្តនោះនិងធ្វើឱ្យអ្នកស្រីសប្បាយចិត្ត។

អ្នកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ និងជាអនុប្រធានសមាគមសណ្ឋាគារកម្ពុជាមានប្រសាសន៍ថា «នៅឆ្នំានេះមានការប្លែកខ្លំាងត្រង់ថាភ្ញៀវ កក់បន្ទប់នៅសណ្ឋាគារយើងសម្រាប់នៅថ្ងៃចូលឆ្នំាខ្មែរគឺមានចំនួនតិចមែនទែន បើគិតជាភាគរយមានមិនដល់១០%ផងពិតជាចម្លែកមែនទែន។ កន្លងមកខ្ញុំបានសួរទៅអូតែលមួយចំនួនក៏មានការធ្លាក់ចុះចំនួនភ្ញៀវដូចទែរូដែរ ខុសកាលពីពេលៗមុនដល់ថ្ងៃទី១១មេសាឆ្នំា២០២៣ បានយ៉ោងហោចណាស់ក៏បាន៤០ឬ៥០%នៃចំនួនភ្ញៀវបានស្នាក់នៅ»។

បើតាមម្ចាស់សណ្ឋាគារ ទែរូ ការថមថយនៃចំនួនភ្ញៀវកក់បន្ទប់ស្នាក់នៅសម្រាប់ថ្ងៃចូលឆ្នំាថ្មីឆ្នំា២០២៣នេះ ពាក់ព័ន្ធនិងកត្តាច្រើនដូចជាផ្លូវធ្វើដំណើរឆ្ងាយត្រូវការចំណាយពេល៧ទៅ៨ម៉ោងទើបដល់ទីតំាង, ចំណាយប្រាក់លើការធ្វើដំណើររួមនិងហូបចុកអស់ច្រើន,ភ្ញៀវមានការរអ៊ូរទំាអំពីការផាកពិន័យលើការបើកបរលើសល្បឿនកំណត់(ប៉ះពាល់អារម្មណ៍)និងពុំមានពេលគ្រប់គ្រាន់សម្រាប់ការកម្សាន្តជាដើម។

អ្នកស្រីបន្តថា «ចំម្ងាយផ្លូវឆ្ងាយនេះវាបានកាត់បន្ថយចំនួនភ្ញៀវ បើទោះបីពួកគាត់ចង់ទៅកម្សាន្តយ៉ាងណាក៏ពួកគាត់មិនមានពេលវេលាគ្រប់គ្រាន់ ហើយត្រូវការចំណាយប្រាក់ច្រើនក្នុងការធ្វើដំណើរ។ជាងនេះនៅខេត្តយើងនេះអត់មានរៀបចំព្រឹត្តិការណ៍ធំៗដូចទៅនិងខេត្តផ្សេង»។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា ជុំវិញភ្ញៀវទេសចរចេញដើរកម្សាន្តនៅថ្ងៃចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរឆ្នំានេះ យើងទទួលស្គាល់ថាតំបន់ទេសចរណ៍នៅប៉ែកឦសាន្តទាក់ទាញភ្ញៀវគឺចាញ់ជាងតំបន់វប្បធម៌ក្នុងខេត្តសៀមរាប ដោយសារនៅឆ្នំានេះមានការជំរុញច្រើនហើយការរៀបចំឃើញថាមានភាពកាន់តែទាក់ទាញខ្លំាងឡើង ដែលជាហេតុធ្វើឱ្យនៅតំបន់កម្សាន្តប៉ែកឦសាន្តហាក់មានភាពស្ងាត់បន្តិច។

លោកជំទាវសង្កត់ធ្ងន់ថា «បើយើងក្រឡេកទៅមើលចំម្ងាយផ្លូវពិតជាវែងឆ្ងាយ ហើយអត់កន្លែងដែលត្រូវឈប់សម្រាកលេង អ៊ីចឹងចំណុចនេះវាក៏ជារបំាងមួយសម្រាប់ភ្ញៀវនៅក្នុងស្រុកក៏ដូចជាភ្ញៀវបរទេស»។

លោកជំទាវលើកឡើងថានៅថ្ងៃឈប់សម្រាកពេលបុណ្យទានម្តងៗបើមានការរៀបចំដោយធ្វើយ៉ាងណាឱ្យមានការចាប់អារម្មណ៍គឺ អាចទាក់ទាញភ្ញៀវទេសចរបានច្រើន ព្រោះថាភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកតែងតែសម្លឹងរកមើលតែអ្វីដែលប្លែក ល្អហើយសប្បាយ អ៊ីចឹងខេត្តណាដែលមានការៀបចំបានល្អនិងធ្វើឱ្យអ្នកទេសចរចង់ដឹងឬទៅកម្សាន្តច្រើនក្នុងកំឡុងពេលថ្ងៃឈប់សម្រាករបស់ពួកគាត់៕ សារេត