ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់លោកស្រី ដាំ ដារីនី ជានាយឧត្តមសេនីយ៍ និងលោកស្រី ម៉ាលី សុជាតា ជាឧត្តមសេនីយ៍ឯក នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ តាមព្រះរាជក្រឹត្យលេខ នសរកត/០៤២៣/៦៧៩ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
លើបណ្តាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី១១ ខែមេសានេះ សម្តេចតេជោនាយរកដ្ឋមន្រ្តី បានបញ្ជាក់ថា ការតែងតាំងស្រ្តីលោកស្រី ដាំ ដារីនី និងលោកស្រី ម៉ាលី សុជាតា ក្នុងគោលដៅរក្សាស្ត្រី២រូបនេះ ដើម្បីបម្រើវិស័យការពារជាតិរយៈពេលវែង ហើយតចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង។

លោកស្រី ដាំ ដារីនី បច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលការងាររបស់លោកស្រីជួយរដ្ឋមន្រ្ដីលើការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាសាស្រ្ដសុខាភិបាល ខ.ភ.ម។
លោកស្រីក៏ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងជាប្រធានផ្នែកសិល្បៈ និងកីឡា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។ ហើយលោកស្រីក៏បានឈរឈ្មោះជាបេក្ខជនបម្រុងលេខរៀងទី១៦ នៅមណ្ឌលខេត្តកំពង់ចាម។
ក្រៅពីការងារជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ លោកស្រីក៏កំពុងដឹកនាំយុវនារី យុវជនវ័យក្មេងនៅកម្ពុជា ក្នុងតួនាទីអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រធាន។
ចំណែក លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាភរិយាលោក គង់ ភោគ មានតំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានការិយាល័យប្រេសិតពិសេសប្រធានអាស៊ាន។ ក្រៅពីនោះ លោកស្រីក៏ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ មូលដ្ឋានស្រុកបាកាន ខេត្តពោធិ៍សាត់ ៕
