ចូលឆ្នាំ៣ថ្ងៃ ឆ្នាំនេះ ភ្ញៀវទេសចរមកលេងក្នុងខេត្តពោធិ៍សាត់ ធ្លាក់ចុះប្រមាណ៥០ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ដល់១៦ ខែមេសា ឆ្នាំ២០២៣ នៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរបានតែជាង១៤ម៉ឺននាក់ប៉ុណ្ណោះ ពោលមានការថយចុះជាង៥០% បើធៀបនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍មន្ទីទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា សម្រាប់រយៈពេល៣ថ្ងៃ ភ្ញៀវទេសចរមានចំនួនសរុប ១៤១,៣៧០នាក់ ក្នុងនោះទេសចរជាតិ ចំនួន ១៤១,៣៤៦នាក់ និងទេសចរបរទេស ចំនួន ២៤នាក់ បើប្រៀបធៀបនឹងរយៈពេល៣ថ្ងៃដូចគ្នា កាលពីឆ្នាំមុន ភ្ញៀវមានការថយចុះ ៥២,៥៦% (ឆ្នាំមុនភ្ញៀវមានចំនួន ២៩៨,០៣៧នាក់) ។

ពាក់ព័ន្ធទៅនឹងការថយចុះនៃចំនួនភ្ញៀវទេសចរនេះ បើតាមមន្ទីទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា អាចបណ្តាលមកពីកត្តាមួយចំនួនដូចជា៖
ទី១,ភ្នំ១៥០០(ផ្លូវបុប្ផាលាក់ខ្លួន) ភ្ញៀវមានការធ្លាក់ចុះខ្លាំង ដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំង ធ្វើឱ្យទេសភាពមិនសូវស្រស់ស្អាតដូចឆ្នាំមុន ។
ទី២,ស្រុកតាលោសែនជ័យ (សួនកម្សាន្តពូរីសត ) ឆ្នាំមុនជួលតារាល្បីៗមករាំលេងកម្សាន្ត តែដោយឡែកឆ្នាំនេះពុំមានជួលតារាល្បីមកសម្ដែងទេ។
ទី៣,មានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប
ទី៤,មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត តាមមូលដ្ឋានខេត្តនីមួយៗ
ទី៥,ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាគោលដៅទេសចរណ៍ថ្មី រហ័សតាមរយៈការវិនិយោគរបស់រដ្ឋ។

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី១ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសសរុបចំនួន ២.០៩៨.៥០១ នាក់ ក្នុងនោះភ្ញៀវជាតិ ២.០៧៩.៦៧០ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៨.៨៣១ នាក់។ដោយឡែកសម្រាប់ថ្ងៃទី២ មានភ្ញៀវទេសចរដើរលេងកម្សាន្តប្រមាណ ៤,២៣៧,៧៨០នាក់ ក្នុងនោះភ្ញៀវជាតិ៤,២១៩,០២១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៨,៧៥៩នាក់។សរុបទាំង២ថ្ងៃ មានភ្ញៀវទេសចរសរុបមានចំនួនប្រមាណ៦,៣៣៦,២៨១នាក់៕