សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងហើយ។ការសម្រេចអនុម័តសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ កាលព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាចំនួន៩៧រូបផ្សេងទៀត។

បើតាមការប្រកាសរបស់រដ្ឋសភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ភាពងាយស្រួលកែលម្អ បំពេញចន្លោះខ្វះខាត និងធានាសង្គតភាពជាមួយច្បាប់ និងបទដ្ឋានគតិយុត្តនានា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច ខណៈសេចក្តីព្រាងច្បាប់នេះ ក៏នឹងចូលរួមជំរុញ និងលើកកម្ពស់វិស័យធុរកិច្ចនៅកម្ពុជា បង្កើនភាពអនុគ្រោះនៃបរិយាកាសវិនិយោគ ពង្រឹងកម្រិតអនុលោមភាពសារពើពន្ធ ធានានូវការប្រកួតប្រជែងដោយស្មើភាពគ្នាជាដើម។
សូមរម្លឹកដែរថា ច្បាប់ស្ដីពីសារពើពន្ធជាធរមានមាន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៩៧ មានចំនួន ៧ជំពូក ចែកចេញជា ១៥៥មាត្រា បូករួមទាំងបទប្បញ្ញតិ្តស្ដីពីសារពើពន្ធដទៃទៀតដែលនៅរប៉ាត់ប៉ាយក្រៅពីច្បាប់ស្ដីពីសារពើពន្ធ។
ចំណែកសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ដែលត្រូវបានរៀបចំរួចរាល់ចប់សព្វគ្រប់នេះមានចំនួនដល់ទៅ ២០ជំពូក និង២៥៥មាត្រា ដោយសារជាការរួមបញ្ចូលគ្នានូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន និងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិស្ដីពីពន្ធដារដែលនៅរប៉ាត់ប៉ាយទាំងអស់ ហើយបន្ថែមដោយមាត្រាថ្មីមួយចំនួន ដើម្បីបំពេញបន្ថែមនូវចំណុចខ្វះខាត។
ដោយឡែកចំពោះផ្នែកទោសទណ្ឌ ក៏ត្រូវបានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់ និងបានកែសម្រួលរួចរាល់ហើយបន្ទាប់ពីមានធាតុចូលពីក្រសួងយុត្តិធម៌ និងកិច្ចពិភាក្សាសម្របសម្រួលបន្ថែមចុងក្រោយជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។
សូមបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី ៣១ ខែមីនា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ៕