រយៈពេល៥ឆ្នាំកន្លងមកនេះ ខេត្តត្បូងឃ្មុំ អាចរកចំណូលបានជាង១២០លានដុល្លារ ពីដំណាំកៅស៊ូ ខណៈដែលដំណាំនេះ ត្រូវបានចាត់ជាដំណាំអទិភាពក្នុងការនាំចេញ និងទ្រទ្រង់ដល់សេដ្ឋកិច្ចខេត្ត។ នេះបើតាមការលើកឡើងរបស់ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យ» ក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។

លោកអភិបាលខេត្ត បានបន្តថា រយៈពេល៥ឆ្នាំ ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំដុះ កៅស៊ូជាង៨ពាន់ហិកតា និងផលិតបានកៅស៊ូជាង៨ម៉ឺនតោន។ ដោយឡែក ក្រុមហ៊ុនចំការកៅស៊ូ មាន៥កន្លែង និងផ្តល់ការងារដល់កម្មករ ៨ពាន់នាក់ ។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ខេត្តត្បូងឃ្មុំ ទំហំពាណិជ្ជកម្មមានចំនួន ១,៦៩៤លានដុល្លារ កើន១,៤១៨លានដុល្លារ។ ក្នុងនោះឆ្នាំ២០១៨ ស្មើនឹង ២៧៦លានដុល្លារ , ឆ្នាំ២០១៩ ស្មើនឹង ៣៧៣លានដុល្លារ , ឆ្នាំ២០២០ ស្មើនឹង ៤៥៥លានដុល្លារ , ឆ្នាំ២០២១ ស្មើនឹង ៥៩០លានដុល្លារ ចំណូលមនុស្សម្នាក់ៗ មានប្រមាណ ១,៤៥២ដុល្លារ ៕