កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាបានលេចមុខលើបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើលោក ដោយជាប់ក្នុងលេខរៀងទី ១៤ ក្នុងចំណោម ១៦ ប្រទេស ដែលគេហទំព័រ Yahoo បានចុះផ្សាយ។
តាមរយៈការសង្កេតយ៉ាងដិតដល់ ប្រទេសកំពុងអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ចយ៉ាងល្អនោះ ភាគច្រើនគឺស្ថិតនៅទ្វីបអាស៊ី និងអាហ្វ្រិក ដ្បិតប្រទេសទាំងនោះមិនសូវរងឥទ្ធិពលពីសង្គ្រាមនៅអ៊ុយក្រែន ដូចនៅបណ្ដាប្រទេសលោកខាងលិច និងអឺរ៉ុបឡើយ។
ក្នុងនោះ កម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៥,៨% ដូចទៅនឹងវៀតណាម ខណៈឥណ្ឌាដែលជាមហាអំណាចអាស៊ីមួយ មានកំណើនសេដ្ឋកិច្ច ៥,៩%។
សូមជម្រាបដែរថា បណ្ដាប្រទេសនៅអាស៊ីកំពុងមានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ តួយ៉ាងកាលពីឆ្នាំទៅ វៀតណាមមានកំណើនសេដ្ឋកិច្ច ៨% ដែលធ្វើឲ្យពួកគេក្លាយជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតលើលោកមួយ។
ដោយឡែក ដើម្បីរៀបចំបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣ Yahoo អនុវត្តនិយមន័យរបស់ IMF នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយដាក់ចំណាត់ថ្នាក់ពួកគេដោយផ្អែកលើការព្យាករនៃការផ្លាស់ប្តូរភាគរយប្រចាំឆ្នាំ២០២៣ ក្នុងកំណើន GDP ពិតប្រាកដ ដែលទទួលបានពី IMF ផងដែរ។
ដោយឡែក ប្រទេសកំពុងអភិវឌ្ឍន៍ដែលមាន GDP តិចជាង ១ពាន់លានដុល្លារ នឹងមិនត្រូវរាប់បញ្ចូលក្នុងបញ្ជីមួយនេះឡើយ បើទោះជាពួកគេមានកំណើនសេដ្ឋកិច្ចលឿនប៉ុណ្ណាក៏ដោយ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសទាំង ១៦ ដែល Yahoo ចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ មានកំណើនសេដ្ឋកិច្ចលឿនបំផុតលើលោក៖
១៦/ប្រទេសអ៊ូហ្គង់ដា មានកំណើនសេដ្ឋកិច្ច ៥,៧%
១៥/ប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ច ៥,៨%
១៤/ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ៥,៨%
១៣/ប្រទេសឥណ្ឌា មានកំណើនសេដ្ឋកិច្ច ៥,៩%
១២/ប្រទេសហ្វីលីពីន មានកំណើនសេដ្ឋកិច្ច ៦%
១១/ប្រទេសបេនីន មានកំណើនសេដ្ឋកិច្ច ៦%
១០/ប្រទេសនីហ្សេរីយ៉ា មានកំណើនសេដ្ឋកិច្ច ៦,១%
៩/ប្រទេសអេត្យូពី មានកំណើនសេដ្ឋកិច្ច ៦,១%
៨/ប្រទេសរវ៉ាន់ដា មានកំណើនសេដ្ឋកិច្ច ៦,២%
៧/ប្រទេសកូតឌីវ័រ មានកំណើនសេដ្ឋកិច្ច ៦,២%
៦/សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានកំណើនសេដ្ឋកិច្ច ៦,៣%
៥/ប្រទេសហ្វីជី មានកំណើនសេដ្ឋកិច្ច ៧%
៤/ប្រទេសម៉ាល់ឌីវ មានកំណើនសេដ្ឋកិច្ច ៧,២%
៣/ប្រទេសសេណេហ្គាល់ មានកំណើនសេដ្ឋកិច្ច ៨,៣%
២/ប្រទេសលីប៊ី មានកំណើនសេដ្ឋកិច្ច ១៧,៥%
១/ប្រទេសហ្គីយ៉ាណា មានកំណើនសេដ្ឋកិច្ច ៣៧,៥%៕