អភិបាលតំបន់ស្វយ័តជនជាតិជាំង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន លោក Lan Tianli បានបង្ហាញគោលបំណងធំចំនួន៣ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។ ការលើកនេះ បានធ្វើឡើងនៅក្នុជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព កាលរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ។

នាឱកាសនោះ លោក Lan Tianli បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ខណៈលោកថាកម្ពុជាកាន់តែមានការរីកចម្រើនទ្វេឡើងបន្ថែមទៀត ដោយក្នុងនោះមានអាគារខ្ពស់ៗជាច្រើន និងប្រជាជនមានជីវភាពធូរធារច្រើន។
ជាមួយគ្នានេះ លោកបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ គឺមានគោលបំណង៣ រួមមាន៖ ទី១ គឺសូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោដែលកន្លងមកតែងតែគាំទ្រតំបន់ស្វយ័តក្វាងស៊ី ជាពិសេសគាំទ្រការរៀបចំពិពណ៌ ចិន-អាស៊ាន នៅទីក្រុងណាននីង ,ទី២ គឺការជំរុញ ការអនុវត្តកិច្ចព្រមព្រៀង រវាងថ្នាក់ដឹកនាំកំពូល របស់ចិន និងកម្ពុជា ជាពិសេសការកសាងសហគមន៍ជោគវាសនា រួម ចិន-កម្ពុជា។ និងគោលបំណងទី៣ គឺគោរពសុំអនុសាសន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាព និងថ្លែងអំណរគុណចំពោះការវាយតម្លៃ លើទំនាក់ទំនងរវាងកម្ពុជា និងប្រទេសចិន ខណៈសម្ដេចតេជោក៏បានណែនាំដល់លោក Lan Tianli បន្តកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឲ្យកាន់តែស៊ីជម្រៅនិងអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ដែរនោះឲ្យបានគ្រប់ជ្រុងជ្រោយថែមទៀត៕
