ទំព័រហ្វេសប៊ុកស្នងការខេត្តកំពត នៅព្រឹកថ្ងៃទី២៣មេសានេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ចិត្តនិងកុំបារម្មណ៏ ដោយសូមជឿទុកចិត្តលើអភិបាលខេត្ត រួមទាំងស្ថាប័នច្បាប់ ដែលមានព្រៈរាជអាជ្ញារ និងប្រធានសាលាដំបូងខេត្ត និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំពោះក្រុមវិនិយោគលើទឹកភ្នែកបងប្អូនប្រជាពលរដ្ឋ។
ការអំពាវនាវនេះធ្វើឡើងក្រោយស្ថាបនិកក្រុមហ៊ុន ជា សារ៉ន គ្រុប ឧកញ៉ា ជា សារ៉ន និងបុគ្គលជាជនសង្ស័យចំនួន ៨នាក់ផ្សេងទៀត កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសាកសួរ បន្ទាប់ពីមានការដោះស្រាយក្រៅប្រព័ន្ធតុលាការពីអភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅក្នុងវត្តអង្គឈូក ស្រុកឈូក ខេត្តកំពត។
ជាលទ្ធផលក្រោយការសម្របសម្រួលដោយលោក ម៉ៅ ធនិន ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន បានឯកភាពយល់ព្រម ទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋបានទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុន ហើយប្លង់ដីផ្សេងៗដែលប្រជាពលរដ្ឋបានយកទៅដាក់ខ្ចីលុយនៅធនាគារនោះ លោក ជា សារ៉ន ត្រូវទទួលខុសត្រូវយកមកឲ្យប្រជាពលរដ្ឋវិញទាំងអស់ ដោយឡែក ចំពោះបងប្អូនដែលទិញដី បង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់ លោកនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។
ជាមួយគ្នានោះ ស្នងការនគរបាលខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កាលពីយប់ថ្ងៃទី២២មេសាម្សិលមិញនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានបង្ហោះសារភ្ជាប់ជាមួយរូបភាពឧកញ៉ា ជា សារ៉ន និងបក្ខពួកចំនួន ៨នាកទៀតស្នងការខេត្តកំពតដែលកំពុងឈរវាស់កំពស់។
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង ២ពាន់គ្រួសារ ត្រូវបានខាតបង់ប្រាក់ និងចាញ់បោកក្រុមហ៊ុន ជា សារ៉ន ក្នុងទំហំទឹកប្រាក់ប្រមាណជិត ៤០លានដុល្លារ ក្នុងមានប្រជាពលរដ្ឋក្នុងខេត្តកំពត និងនៅបណ្តាលខេត្តផ្សេងទៀត។ សម្រាប់លោកស្នងការខេត្តកំពត ប្រជាពលរដ្ឋត្រូវបានចាញ់បោកបញ្ឆោតរបស់ក្រុមហ៊ុនវិនិយោគដីឡូត៍៕