អាជីវកម្មពុះដីឡូតិ៍ គឺជាសកម្មភាពដ៏ពេញនិយមមួយ ដែលអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា មិនសូវមើលរំលង ក្នុងចំណោមការវិនិយោគជាច្រើនផ្សេងៗទៀត ដូចជា ការសាងសង់បុរី ផ្ទះល្វែង ខុនដូរ ជាដើម។ លោក សួន ពិសិដ្ឋ អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យមួយរូប ដែលធ្លាប់បោះទុនវិនិយោគលើគម្រោងពុះដីឡូតិ៍លក់ជាច្រើនគម្រោង បានចែករំលែកនូវហេតុផល ៨ចំណុច នៅពីក្រោយភាពបរាជ័យលើអាជីវកម្មពុះដីឡូតិ៍ ផ្អែកលើបទពិសោធន៍ផ្ទាល់របស់លោកនាពេលកន្លងមក។
លោក សួន ពិសិដ្ឋ លើកឡើងថា៖ “មូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកពុះដីឡូតិ៍បរាជ័យ ដើរមិនបានវែងឆ្ងាយហើយខូចឈ្មោះនោះគឺ មកពីមានភាពលោភលន់ជ្រុលហួសដែនកំណត់ ដោយសារពុះដីខុសភូមិសាស្រ្ត ខុសតំបន់អភិវឌ្ឍន៍ ពុះខុសប្រភេទដីដែលត្រូវអភិវឌ្ឍន៍ ដើម្បីលក់ឱ្យ ឬក៏លក់ដើម្បីចងការប្រាក់ពី អ្នកភូមិ អ្នកស្រុក ពលករ ប្រជាកសិករ ប្រជារាស្រ្ត ដែលជាអ្មកទិញ នឹងធ្វើឱ្យគាត់ទាំងអស់គ្នាមានក្ដីរំពឹងថានឹងឡើងថ្លៃនៅថ្ងៃអនាគត ឬសន្យាថានឹងមានគម្រោងការអភិវឌ្ឍន៍មកដល់ ឬក៏នឹងសន្យាថានឹងអភិវឌ្ឍន៍ តែចុងក្រោយការអភិវឌ្ឍន៍អ្វីក៏គ្មាន ឬក៏គ្មានលុយដើម្បីបង្វិលឱ្យការប្រាក់ទៅឱ្យអ្នកទិញវិញ។”
ទូតសុឆន្ទៈនៃបុរី វិមានសំណាង និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យរូបនេះ សង្កត់ធ្ងន់បន្ថែមថា បើមិនលោភលន់ ហើយស្គាល់ភូមិសាស្រ្ត ស្គាល់ប្រជាសាស្រ្ត ស្គាល់តំបន់ ស្គាល់ប្រភេទដី ស្គាល់អំពីការកំណត់តម្លៃអចលទ្រព្យ ស្គាល់ច្បាស់អំពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ប្លង់មេរបស់ក្រសួងដែនដីនរគរូបនីយកម្ម និង សំណង់ ហើយមិនមានភាពលោភលន់ក្នុងចិត្តនោះ គឺប្រាកដជាមិនអីនោះទេ ប្រាកដជាធ្វើទៅនឹងជោគជ័យជាក់ជាមិនខាន!។ ណាស់តែលោភលន់ពេកទើបទៅជាងងឹកអ័ព្ទគំនិតប្រាជ្ញាគ្មានពន្លឺនៃគតិ នោះទើបនាំឱ្យខ្លួនបរាជ័យធ្លាក់ខ្លួនលិចលង់!។ កុំតក់ក្រហល់ កុំប្រញាប់ពេក កុំលឿនពេក វានាំឱ្យធ្លាក់អន្លុង ឬធ្លាក់ជ្រោះ! សុខចិត្តយឹត មួយៗ តែឱ្យច្បាស់ប្រាកដ និង សច្ចៈ គង់នឹងសម្រេចជោគជ័យ គង់តែដល់គោលដៅ!។
ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា កំពុង វិវឌ្ឍន៍តាមគន្លងប្រក្រតីភាព ក្រោយវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ប៉ុន្តែភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល មានជាអាថ៌៖ បញ្ហាសង្គ្រាមរវាងរុស្សុី និងអ៊ុយក្រែន, ការរឹតបន្តឹងជាបណ្ដើរនៃគោលនយោបាយរូបិយវត្ថុ(ដំឡើងអត្រាការប្រាក់) ក្នុងប្រទេសកំពុងអភិវឌ្ឍន៍, ការបន្តរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹងនៃវិស័យហិរញ្ញវត្ថុសកលជាដើម បាននិងកំពុងបង្កើតជាក្ដីកង្វល់ថ្មី ជាពិសេសវិស័យអចលនទ្រព្យ។
មែនទែនទៅ មិនមែនមានតែក្រុមហ៊ុន រកសុីពុះដីឡូតិ៍លក់នោះទេ ដែលរងផលប៉ះពាល់ក្នុងស្ថានភាពសេដ្ឋកិច្ចសកលមិនទាន់នឹងធឹងដូច្នេះ សូម្បីតែក្រុមហ៊ុន វិនិយោគលើការសាងសង់លំនៅឋានតម្លៃថ្លៃៗ ខុនដូ ផ្ទះវីឡា ក៏រងផលប៉ះពាល់ និងមិនសូវ មានសកម្មភាពទិញលក់បានច្រើនដូចពេលមុនផងដែរ។
យ៉ាងណាមិញ ជាគោលនយោបាយគាំពារ និងដំណោះស្រាយចំពោះមុខ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដាក់ចេញនូវវិធានការបន្ថែម ជាកញ្ចប់ ចំនួន ៨ចំណុច សំដៅរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ដែលជាវិស័យអាទិភាពមួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ បន្ថែមពីនេះ គណៈកម្មធិការ ក៏នឹងបន្តរៀបចំយន្តការ ការងារផ្សេងៗ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំ លើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅស្នើឡើងវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការទាំងអស់នោះផងដែរ៕