ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេនក្នុងពេលអនាគត បានកត់សម្គាល់ឃើញថា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ និងក៏កាន់តែមានភាពធន់ជាងមុន។
ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវ «សណ្ឋាគារ សាន់ &មូន រីវើរសាយ (Sun & Moon Riverside Hotel)»នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បាននិងកំពុងស្ថិតក្នុងចំណោមប្រទេសដែលមានការលូតលាស់យ៉ាងឆាប់រហ័ស ដោយបានប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយខ្លួនទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្តថា៖«ការរីកចម្រើនដ៏ឆាប់រហ័សនេះ គឺមានការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យគន្លឹះជាច្រើន រួមទាំងវិស័យទេសចរណ៍ផងដែរ ដែលបម្រើឱ្យការទ្រទ្រង់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩»។
ជាមួយនឹងកំណើនដ៏លឿននេះ ឯកឧត្តមបានបញ្ជាក់ដែរថា វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។
ជាក់ស្តែង ឯកឧត្តមអះអាងថា ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ ខណៈក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។
ជារួមមក ឯកឧត្តម ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដែរថា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន៕
អត្ថបទ៖ ពិសី