ក្នុងរយៈពេល៥ឆ្នាំមកនេះ ខេត្តស្ទឹងត្រែងមានចំណូលប្រមាណជាង ៧០០លានដុល្លារអាមេរិក ពីផលិតផលកសិកម្ម។នេះបើតាមការលើកឡើងរបស់លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ក្នុងសន្នីសីទ្ធសារព័ត៌មានស្តីពី«ភាពជោគជ័យរយៈពេល៥ឆ្នាំ»របស់រដ្ឋបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៣នេះ។
បើតាមប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង បានឱ្យដឹងថា បើគិតពីឆ្នាំ២០១៨ ដល់ ២០២២ ផលិតផលដែលផលិតបានក្នុងវិស័យកសិកម្ម មានចំណូលប្រមាណ ៧០០ ទៅ៨០០លានដុល្លារអាមេរិក បើគិតជាកំណើន GDP មានក្នុងរង្វង់ពី ៦៧ ទៅ ៦៩% សម្រាប់ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចខេត្តស្ទឹងត្រែងទាំងមូល។
លោក បានបន្តថា ចំណូលប្រមាណ ៧០០ ទៅ៨០០លានដុល្លារអាមេរិកនេះ បានមកពីផលិតផលកសិកម្មដែលផលិតបានរបស់ខេត្តរួមមាន ដំណាំកសិកម្មគ្រប់ប្រភេទដូចជា ស្រូវ ស្វាយចន្ទី កៅស៊ូ ដំឡូងមីជាដើម លើសពីនេះ ក៏មានវិស័យជលផល និងសត្វចិញ្ចឹមផងដែរ។
បើតាម លោក ទុំ នីរ៉ូ បានឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោមវិស័យសក្តានុពលសំខាន់ៗរបស់ខេត្តស្ទឹងត្រែង វិស័យកសិកម្មជាវិស័យអទិភាពមួយដែលមានតួនាទីសំខាន់ ក្នុងការធានាសន្តិសុខស្បៀង ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ។ទិន្នផលដែលផលិតបានក្នុងខេត្ត មានចន្លោះពី៩០ ទៅ១០០ពាន់តោន ក្នុង១ឆ្នាំ គិតជាទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារ សម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចខេត្ត។លោក បានបន្តថា ចំនួននេះមានកំណើនជាមធ្យមក្នុងរង្វង់ ៦ទៅ៧% ក្នុង១ឆ្នាំ។
គួរឱ្យដឹងផងដែរថា ខេត្តស្ទឹងត្រែង មានផ្ទៃដីកសិកម្មសរុបប្រមាណ ១០ ០០០ ហិកតា ក្នុងនោះ ដំណាំស្រូវមានប្រមាណ ២៧ ៨០០ហិកតា ស្វាយចន្ទីមាន ៤៤ ៥២៧ហិកតា កៅស៊ូ ១៣ ៤៤១ ហិកតា ដំឡូងមី ២៥ ០៦៧ហិកតា ស្វាយ ៣ ៩៨០ ហិកតា និងដំណាំរួមផ្សំប្រមាណជាង ៤០០ ហិកតា។ចំណែកកំណើនផលិតផលក្នុងស្រុកសរុបក្នុងប្រជាជនម្នាក់ កើនឡើង ១.៤២៣ដុល្លារ ក្នុងឆ្នាំ២០១៨ដល់ ១.៥៨៥ដុល្លារ ក្នុងឆ្នាំ២០២៣ និងអត្រាភាពក្រីក្រថយចុះពី២៣% ឆ្នាំ២០១៨ មកត្រឹម២១% ក្នុងឆ្នាំ២០២៣៕