ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាមធ្លាក់ចុះជាង១២%ដោយសារហេតុផល២យ៉ាង

សង្គម​ និង​សេដ្ឋកិច្ច

ការនំាចេញគ្រាប់ស្វាយចន្ទីស្រស់ទៅប្រទេសវៀតណាមក្នុងរយៈពេល៣ខែដំបូងឆ្នំា២០២៣មានប្រមាណ២៣ម៉ឺនតោនពោលធ្លាក់ចុះជាង១២%បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នាឆ្នំា២០២២។ការនំាចេញមានថមថយនេះបើយោងតាមទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជាដោយសារតែហេតុផល២យ៉ាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក វ៉ា រុតសាន ទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីសើមទៅប្រទេសវៀតណាមក្នុងរយៈពេល៣ខែដើមឆ្នំា២០២៣មានការធ្លាក់ចុះ ដោយសារហេតុផល២យ៉ាង៖១)- គ្រាប់ស្វាយចន្ទីសើមកសិករលក់បានថ្លៃនៅពេលប្រមូលផលនៅដើមរដូវ ដោយសារវៀតណាមខ្វះវត្ថុធាតុដើមនៅរោងចក្រ។ តែក្រោយមកគ្រាប់ស្វាយចន្ទីសើមវាធ្លាក់ថ្លៃដូចរាល់ឆ្នំា ធ្វើឱ្យប្រជាកសិករផ្អាកលក់ចេញ ងាកមកចាប់ផ្តើមហាលគ្រាប់ឱ្យស្ងួត រងចំាលក់ចេញនៅពេលតម្លៃងើបឡើងវិញនិង២) តាមខ្ញុំយល់អាចមកពីឆ្នាំទៅដោយសារបម្រែបម្រួលអាកាសធាតុ ធ្វើឱ្យទិន្នផលធ្លាក់ចុះខ្លំាង ជាហេតុធ្វើឱ្យកសិករនៅឆ្នំានេះគាត់អត់ដំាស្វាយចន្ទីតែបែជាកាប់ចោលមួយចំនួន រីឯអ្នកខ្លះដោយសារតែថ្នាំនិងជីឡើងថ្លៃគាត់ គាត់កាត់បន្ថយការប្រើប្រាស់ថ្នាំនិងជី ទើបធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ។

តាមទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជាទន្ទឹមនិងការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅប្រទេសវៀតណាមថមថយក្នុងរយៈពេល៣ខែដើមឆ្នំា២០២៣,តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅដើមរដូវប្រមូលផលមួយគីឡូក្រាមប្រជាកសិករអាចលក់បានថ្លៃប្រមាណ៦០០០រៀលតែបន្ទាប់ក្រោយមកបានធ្លាក់ថ្លៃនៅត្រឹម៤០០០រៀលនៅតាមតំបន់ខ្លះ។តែទោះជាយ៉ាងនេះក្តីតម្លៃគ្រាប់ស្វាយចន្ទីរស្ងួតរំពឹងថាកសិករអាចលក់បានថ្លៃ១៥០០ដុល្លារអាមេរិកក្នុងមួយតោនឬលើសពីនេះនៅពេលខាងមុខផ្អែកលើគុណភាពគ្រាប់ស្វាយចន្ទី។

លោក វ៉ា រុតសាន មានប្រសាសន៍ថា «ជាទូទៅតម្លៃគ្រាប់ស្វាយចន្ទីស្ងួត តម្លៃវាមិនដែលទាបជាង១៥០០ដុល្លារអាមេរិកក្នុងមួយតោនទេ ហើយកសិករកម្ពុជាគាត់និងចាប់ផ្តើមលក់នៅពេលដែលគាត់ប្រមូលផលស្វាយចន្ទីរួចបន្ទាប់ពីខែ៥ ខណៈគ្រាប់ស្វាយចន្ទីអាចឡើងថ្លៃខ្ពស់នៅខែ៨និងខែ៩ខាងមុខ»។

លោកគូសបញ្ជាក់ថាគ្រាប់ស្វាយចន្ទីមិនអាចរក្សាទុកលើសពី៦ខែបានទេបើលើសពី៦ខែហើយហាលមិនបានស្ងួតល្អធ្វើឱ្យសាច់នៅខាងក្នុងវានិងឡើងពណ៌លឿន តែបើគុណភាពអន់ថែមមួយកម្រិតទៀតជាម្ស៉ៅខូចតែម្តង។អ៊ីចឹងកសិករត្រូវតែលក់គ្រាប់ស្វាយចន្ទីនៅក្នុងឆ្នំាដែលគាត់ផលិត មានន័យថាយឺតបំផុតនៅខែតុលាកសិករត្រូវលក់ចេញគ្រាប់ស្វាយចន្ទីឱ្យអស់ បើគាត់ទុកវាមានគ្រោះថ្នាក់។

លោកលើកឡើងថា «គ្រាប់ស្វាយចន្ទីអាចលក់បានតម្លៃថ្លៃ ក្នុងករណីគ្រាប់ស្វាយចន្ទីមានគុណភាពល្អមួយតោនថ្លៃពី១៥០០ទៅ១៦០០ដុល្លារអាមេរិក ដោយសារសេដ្ឋកិច្ចសកលរងផលប៉ះពាល់ដោយសារសង្គ្រាមរវាងអ៊ុយក្រែនិងរុស្ស៊ី។ប៉ុន្តែបើមិនមានសង្គ្រាម មិនមានបញ្ហាជំងឺកូវីដ១៩ យើងអាចលក់បានរហូតដល់១៨០០ដល់២០០០ដុល្លារអាមេរិកក្នុងមួយតោន»។

បើយោងតាមទីប្រឹក្សាសមាគមស្វាយចន្ទីកម្ពុជា អាចនិងលក់បានថ្លៃនៅពេលខាងមុខអាចមកពីរោងចក្រកែច្នៃនៅវៀតណាមប្រញាប់កែច្នៃនំាចេញទៅប្រទេសចិនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរដូវកាលចូលឆ្នំាចិន៕
អត្ថបទ៖សារេត