កម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាថា នឹងរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ីឱ្យកាន់តែខ្លាំង ដើម្បីឱ្យមានកិច្ចអភិវឌ្ឍសេដ្ឋកិច្ចកាន់តែស៊ីជម្រៅថែមទៀត។ ការបង្ហាញការប្តេជ្ញានេះ ត្រូវបានធ្វើឡើង តាមរយៈវេទិកាស្តីពី “ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ចិន(ក្វាងស៊ី)” ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
វេទិកាខាងលើ បានរៀបចំឡើង ក្រោមវត្តមាន លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត។
លោក ឡាន ធានលី អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា ចំណងមិត្តភាពកម្ពុជា-ចិន បានក្លាយជាមិត្តភាពត្បួងពេជ្រ នាឆ្នាំ២០២៣នេះ គឺគម្របខួបទី៦០ នៃកិច្ចទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អភិបាលតំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី អះអាងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយ និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន នឹងជួយជំរុញឱ្យកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងកសិកម្មកាន់តែស៊ីជម្រៅទ្វេភាគីកាន់តែរឹងមាំបន្ថែមទៀត។
ជាមួយគ្នានេះ លោកក៏បាន អញ្ជើញក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២០ និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងណានីង ប្រទេសចិននៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផងដែរ។
ឆ្លើយតបចំពោះការលើកឡើងនេះ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងដែរថា កម្ពុជាបានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅប្រទេសចិនចំនួន១០ទីតាំង និងគ្រោងបើកចំនួន៥បន្ថែម ក្រោមការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ លោកក៏ជំរុញឱ្យសហគ្រាស-ក្រុមហ៊ុនចិនពីខេត្តក្វាងស៊ីដែលចូលរួមវេទិកនេះ សូមធ្វើការបណ្តាក់ទុន និងវិនិយោគនៅប្រទេសកម្ពុជា លើការផលិត និងកែច្នែផលិតផលកសិកម្ម ខណៈកម្ពុជាមានទីផ្សារនាំចេញទៅសហភាពអឺរ៉ុប បណ្តាប្រទេសនៅក្នុងតំបន់ និងលើពិភពលោកស្រាប់។
នាឱកាសនោះដែរ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មរូបនេះ បានបង្ហាញការរំពឹងទុកដែរថា ការចូលរួមពិព័រណ៍ចិន-អាស៊ាន និងវេទិកាពាណិជ្ជកម្ម និងវិនិយោគ នៅប្រទេសចិន នាខែកញ្ញា ខាងមុខនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមមួយកម្រិតទៀត៕