សម្តេចតេជោ ហ៊ុន សែន ចង់ឈរឈ្មោះបោះឆ្នោត​ធ្វើមេឃុំ នៅពេលចាកចេញ​ពីតំណែងនាយករដ្ឋមន្រ្តី

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញបំណងចង់ទៅធ្វើជាមេឃុំមួយរយៈនៅក្នុងអំឡុងនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ បន្ទាប់ពីសម្ដេចចាកចេញពីតំណែងនាយករដ្ឋមន្រ្តី។ ការថ្លែងដូច្នេះ ត្រូវបានធើ្វឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នៃវិទ្យាស្ថានជាតិអប់រំ(NIE)កាលព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា៖«ចាំពេលបោះឆ្នោតនៅឆ្នាំ២០២៧  គិតចង់ទៅឈរធ្វើមេឃុំនៅកន្លែងណាមួយ សាកល្បងធ្វើមេឃុំប៉ុន្មានខែមើល រួចហើយចាំលាចេញ ប៉ុន្តែអាហ្នឹងក្នុងករណីដែលខ្ញុំលាលែងពីតំណែងទេណា បើក្នុងករណីមិនទាន់លាលែង គឺខ្ញុំអត់មានសិទ្ធតែងតាំងជាមេឃុំទេ ព្រោះមេឃុំគឺតែងតាំងដោយការបោះឆ្នោតពីប្រជាពលរដ្ឋ»។

សម្តេចតេជោបានប្រាប់បន្តថា៖«ខ្ញុំក៏ចង់សាកល្បងដែរនៅពេលដែលខ្ញុំចាកចេញពីតំណែងនាយករដ្ឋមន្រ្តី ជាលទ្ធភាពមួយដែលខ្ញុំអាចទៅឈរឈ្មោះធ្វើមេឃុំ សាកល្បងបួនប្រាំខែមើល នៅជាមួយមេឃុំ ដើម្បីមើលមេឃុំ ស្មៀនគេធ្វើការរបៀបម៉េច ហើយមានរឿងពាក្យបណ្ដឹងរបៀបម៉េច? ទាស់គ្នាប្តីប្រព័ន្ធចូលខារ៉ាអូខេគេធ្វើការយ៉ាងម៉េច?»។

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ទៀត ដោយផ្អែកលើបទពិសោធការងារចុះមូលដ្ឋានតាំងពីឆ្នាំ១៩៨០ សម្ដេចអះអាងថាមេឃុំធ្វើការងារច្រើនរឿង ព្រោះមិនមែនតែប្រជាពលរដ្ឋទេ សូម្បីតែចៅហ្វាយស្រុក ចៅហ្វាយខេត្ត មន្ទីខេត្តណា ក៏ទៅរកមេឃុំដែរ។ ទន្ទឹមគ្នានេះ សម្ដេចតេជោ ក៏បានរំលឹកមន្ត្រីចុះទៅមូលដ្ឋាន ពេលចុះទៅមូលដ្ឋានមិនត្រូវឱ្យមន្ត្រីនៅមូលដ្ឋាននិយាយដើម ឬរអ៊ូរទាំនោះទេ។

ឆ្លៀតឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងជីវិតនយោបាយសម្តេចបានបំបែកឯកទគ្គកម្មចំនួន៣ រួមមាន៖ រដ្ឋមន្ត្រីការបរទេសក្មេងជាងគេ, នាយករដ្ឋមន្ត្រីក្មេងជាងគេ និងនាយករដ្ឋមន្ត្រីដែលធ្វើយូរជាងគេលើពិភពលោក។ ជាមួយគ្នានេះ សម្តេចតេជោ ក៏ប្រកាសពីការចែករំលែកបទពិសោធន៍ការងារជោគជ័យរបស់សម្តេចដែលបានឆ្លងកាត់នាពេលកន្លងមក ក្រោយពេលសម្តេចចាកចេញពីតំណែងជានាយករដ្ឋមន្រ្តីផងដែរ៕

អត្ថបទ៖ ពិសី