សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រដ្ឋនឹងចំណាយ១ខែប្រមាណ ២៥លានដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារដែលទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩។ សម្តេចប្រកាសបែបនេះ ក្នុងពិធីអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងនឹងធ្វើការប្រកាសជាផ្លូវការនៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ ២០២០។
សម្ដេចបានបន្តថា ជំងឺឆ្លងកូវីដ១៩កំពុងរាតត្បាតនៅទូទាំងពិភពលោក គឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិ។ ពលរដ្ឋមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួន កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។
សម្ដេចតេជោ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។
ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសគ្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកជែល ឬអាល់កុល និងម៉ាស ដើម្បីឱ្យអតិថិជនប្រើប្រាស់ការពារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់៕