ក្រសួងទេសចរណ៍ បានឱ្យដឹងថា មួយសប្ដាហ៍ក្រោយចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរជិត៧៩ម៉ឺននាក់នៅបន្តដើរលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍កាលព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៣។
ក្រសួងបានឱ្យដឹងថា មួយសប្ដាហ៍ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពោលគឺចាប់ពីថ្ងៃទី១៧-២៣ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន៧៨៩,៤៧៣នាក់ នៅបន្តដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមាន៧៥៣,៧០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន៣៥,៧៦៥នាក់។
ក្រសួងបន្តថា ចំនួនភ្ញៀវច្រើននេះ គឺដោយសារភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅបន្តដើរលេងនៅតាមគោលដៅទេសចរណ៍នានា ក៏ដូចជាបន្តលេងកម្សាន្តកម្មវិធីផ្សេងៗបន្ទាប់ពីបញ្ចប់កម្មវិធីចូលឆ្នាំ។ក្នុងនោះ មានខេត្តចំនួន៧
បានក្លាយជាគោលដៅទេសចរណ៍សំខាន់ៗ និងនៅតែស្រូបបានភ្ញៀវទេចរណ៍បានច្រើនជាងគេ ក្នុងនោះរួមមាន៖ ១. រាជធានីភ្នំពេញ ១២១,៧៣៦នាក់ ២. ខេត្តស្វាយរៀង ៩៣,៥៦០នាក់ ៣. ខេត្តបន្ទាយមានជ័យ ៨៨,៦៩៩នាក់
៤. ខេត្តបាត់ដំបង ៨១,៤៥៣នាក់ ៥. ខេត្តកំពត ៦៥,៩១៥នាក់ ៦.ខេត្តព្រះសីហនុ ៥៨,៨៨៩នាក់ ៧.ខេត្តសៀមរាប ៥០,៤២៨នាក់។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងដែរថា ក្នុងរយៈពេលសប្តាហ៍កន្លងមក ជាចំនួនច្រើនមួយធៀបនឹងសប្តាហ៍ធម្មតាដែលភ្ញៀវទេសចរមានចំនួនជាមធ្យមចន្លោះពី២៥-៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលរយៈពេលចូលឆ្នាំ៣ថ្ងៃ កម្ពុជាទទួលបានភ្ញៀវសរុបប្រមាណជាង១៣លាននាក់។
អ្វីដែលជាការកត់សម្គាល់សំខាន់នោះ ត្រូវបានក្រសួងអះអាងថា គឺជាការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិដែលមានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តច្រើនបំផុត ពិសេសបន្ទាប់ពីការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បានយ៉ាងល្អ ស្របជាមួយការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើននៅគ្រប់បណ្តារាជធានី-ខេត្ត ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕ អត្ថបទ៖ ពិសី