រោងចក្រថ្មីចំនួន៤ នឹងបង្ហាញវត្តមាននៅខេត្តកំពង់ស្ពឺ ក្រោមទុនជាង៤០លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់រោងចក្រចំនួន ៤ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ក្នុងទុនរង្វង់ជាង៤០លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងបង្កើតរោងចក្រចំនួន៤នោះ រួមមាន៖
១.“CAMBODIAN GOLDEN FRUIT TRADING CO., LTD” រោងចក្រកែច្នៃផ្លែស្វាយដែលមានទីតាំងស្ថិតនៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥០កន្លែង។

២. “BLOSSOM KNITWEAR (CAMBODIA) COMPANY LIMITED” រោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៤.០៦៩កន្លែង។

៣. “ROUTE 88 MANUFACTURING COMPANY LIMITED” រោងចក្រផលិតកាបូបគ្រប់ប្រភេទ មានទីតាំងស្ថិតនៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៦៩០កន្លែង។

៤.“INTERNATIONAL AIR LIFE CO., LTD” រោងចក្រកាត់ដេរសម្ភារៈកីឡា និងពោងគ្រប់ប្រភេទពីក្រណាត់កៅស៊ូ មានទីតាំងស្ថិតនៅភូមិក្រឡាញ់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងទុនប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។

បើតាម CDC បានបញ្ជាក់ថា ក្រៅពីចុះបញ្ជីគម្រោងបង្កើតរោងចក្រ៤ខាងលើ ក៏មានរោងចក្រចំនួន៣ទៀត ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រផងដែរ រួមមាន

១.“HUA XING JIANG GARMENT CO., LTD” រោងចក្រកាត់ដេរសម្លៀកបំពាក់ មានស្ថិតនៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ១.៣៨៣
កន្លែង។

២.“XINHENGLI (CAMBODIA) SHOES CO., LTD” រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនប្រមាណ ៥,៤លានដុល្លារ អាចបង្កើតការងារបាន ១.៨៧៨កន្លែង។

និង៣. “JU HONG SHI YE YOU XIAN GONG SI CO., LTD” រោងចក្រផលិតគ្រឿងបន្សំស្បែកជើង ស្ថិតនៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ១.១២៣កន្លែង៕