លោកស្រី ធី សុវណ្ណថា ទទួលការតែងតាំងជា «អភិបាលរង» ក្រុងអរិយក្សត្រ

សង្គម​ និង​សេដ្ឋកិច្ច

អតីតសកម្មជនគណបក្សប្រឆាំង លោកស្រី ធី សុវណ្ណថា ត្រូវបានរាជ​រដ្ឋា​ភិបាលសម្រេចតែងតាំងប្រគល់តំណែងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រ ដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ ចុះហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រៅតែពីតែងតាំងលោកស្រី ធី សុវណ្ណថា ក៏សម្រេចផ្ទេរ និងតែងតាំងសមាសភាពអភិបាលរងក្រុង ៥នាក់ផ្សេង​ទៀតរួមមាន លោក ផៃ ច័ន្ទសុភី ផ្ទេរពីអភិបាលរងស្រុកល្វាឯម, លោក ផុន គឹមឡុង, លោក ស៉ឹង សុផាន់ណា, លោក ជា ហ៊ោ និង លោក ចាន់ គឿយ។

ក្រុងអរិយក្សត្រ ទើបត្រូវបានរាជរដ្ឋាភិបាល សម្រេចបង្កើតជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល តាមរយៈអនុក្រឹត្យចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ក្រុងនេះមានសង្កាត់សរុបចំនួន១១ ដោយកាត់ពីស្រុកខ្សាច់កណ្តាលចំនួន៦ឃុំ និងពីស្រុកល្វាឯមចំនួន៥ឃុំ។

សង្កាត់ទាំង១១ នៃក្រុងអរិយក្សត្ររួមមាន៖ សង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រុំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។ សម្រាប់ទីតាំងរដ្ឋបាល សាលាក្រុងអរិយក្សត្រ ស្ថិតនៅបុរី វីទ្បាទួលសង្កែ គម្រោងអរិយក្សត្រ (The Sanctuary City) នៅភូមិ​បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕