នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទី៣ នៅខេត្តព្រះសីហនុ ដែលមានតម្លៃប្រមាណ ២០លានដុល្លារសហរដ្ឋអាមេរិក។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) នេះ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយប្រើប្រាស់បច្ចេកវិទ្យា Membrane Aerated Biofilm Reactor (MABR) ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល អនុវត្តដោយក្រុមហ៊ុន Xwater Technology រយៈពេល ២២ខែ គ្រោងបញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ហើយការសាងសង់ឡើងក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកខ្វាក់ចំនួន៣ ទីតាំងហើយ ដែលស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥,២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧,២០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ។ ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
សូមជម្រាបជូនថា ស្ថានីយប្រព្រឹត្តកម្មនេះ បានផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើន ដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ ដោយមានស្ថេរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ និងបានរួមចំណែកដល់ការថែរក្សាបរិស្ថាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕