គណៈប្រតិភូផ្នែកបច្ចេកទេសជលផលនិងវារីវប្បកម្មរបស់ចិនរៀបចំធ្វើដំណើរចុះមកពិនិត្យសិក្សានេះឆ្លើយតបសម្តេចតេជោ ហ៊ុនសែននិងថ្នាក់ដឹកនំាចិនដែលបានឯកភាពគ្នាលើការកសាងសហគមតែមួយ រៀបចំគំាំទ្រទៅលើច្រករបៀងស្រូវនិងត្រីដែលធ្វើនៅតំបន់ទិសពាយ័ព្យ(ប៉ូលសេដ្ឋកិច្ចទី៤)។
ក្រុមមន្ត្រីជំនាញខាងបច្ចេកទេសរបស់ចិនចាប់ផ្តើមចុះសិក្សាស្វែងយល់អំពីការគ្រប់គ្រងជលផលនិងវារីវប្បកម្មហើយកាលពីថ្ងៃទី១ខែឧសភានៅតាមបណ្តាខេត្តគោលដៅ ដើម្បីសរសេរផែនការឆ្លើយតបទៅនិងទិដ្ឋភាពជាក់ស្តែងរបស់កម្ពុជា ដើម្បីធ្វើការអភិវឌ្ឍនៅពេលបន្ទាប់ ខណៈបេសកម្មសិក្សាមានរយៈពេលមួយខែ។
បើយោងតាមមន្ត្រីជំនាញខាងជលផលនិងវារីវប្បកម្មរបស់កម្ពុជា ដែលដឹកនាំដោយ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល និងលោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សម្រាប់ទឹកដីខេត្តតាកែវ បានឱ្យឧកញ៉ាញ៉ូស៍ដឹងថា ក្រុមមន្ត្រីបច្ចេកទេសចិននេះមកនៅពេលនេះ ដើម្បីសិក្សាស្វែងយល់អំពីការគ្រប់គ្រង ការអនុវត្តជលផលនិងវារីវប្បកម្មនៅកម្ពុជា ដើម្បីរៀបចំសរសេរផែនឱ្យឆ្លើយតបទៅនិងទិដ្ឋភាពរបស់កម្ពុជា។
លោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល មានប្រសាសន៍ថា ក្រុមការងារជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សហការជាមួយមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ កំពត កំពង់សោម សៀមរាប កំពង់ធំ កំពង់ឆ្នំា បាត់ដំបង បន្ទាយមានជ័យ ធ្វើកិច្ចសហការជាមួយគាត់(មន្ត្រីបច្ចេកទេសចិន)ចុះទៅមើលទាក់ទងគ្រប់គ្រងជលផល ការងារសហគមន៍នេសាទ សហគមន៍រក្សាជម្រកត្រី ការងារអនុវត្តវារីវប្បកម្ម ការងារស្រាវជ្រាវវារីវប្បកម្មនៅកម្ពុជា។
លោកបញ្ជាក់ថា «ក្រុមការងារជំនាញបច្ចេកទេសរបស់ចិន មានគ្រប់ផ្នែកដូចជាកសិកម្ម សត្វនិងផលិតកម្មសត្វ ពេទ្យសត្វ កៅស៊ូ ជលផលនិងវារីវប្បកម្ម អ៊ីចឹងក្រុមការងារនេះមានបេសកម្មរយៈពេលមួយខែ ដោយធ្វើការបែងចែកជាក្រុមជំនាញមួយៗ ចុះធ្វើការនៅតាមខេត្តគោលដៅដែលគាត់ត្រូវការស្វែងយល់»។
បើយោងតាមប្រធាននាយកដ្ឋានវារីវប្បកម្មនៃរដ្ឋបាលជលផល បេសកម្មរបស់មន្ត្រីបច្ចេកទេសចិន ចុះធ្វើកម្មសិក្សានេះមានរយៈពេលតែពេល១០ថ្ងៃ ហើយក្រុមបច្ចេកទេសរបស់ចិនចំណាយពេលសរសេរផែនការនៅក្រុងភ្នំពេញជាមួយក្រុមជំនាញរបស់អគ្គនាយកដ្ឋាននីមួយៗនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។
លោកលើកឡើងថា សម្រាប់ខេត្តតាកែវឃើញថាមានសក្តានុពល ពិសេសស្រុកនៅជាប់ដីសណ្តរទន្លេមេគង្គ ដូចជាស្រុកទ្រំាង ស្រុកជលសារ ស្រុកកោះអណ្តែតនិងស្រុកអង្គរបូរីនេះវាមានសក្តានុពលធ្វើកសិកម្មចម្រុះមានស្រូវ បង្កងនិងត្រី ដែលជាផ្នែកមួយបង្ហាញទៅខាងភាគីជំនាញបច្ចេកទេសរបស់ចិន ឱ្យបានយល់អំពីសក្តានុពលនៃខេត្តតាកែវ ពិសេសស្រុកទំាង៤ ដែលមានរបបទឹកល្អទំាងនៅរដូវប្រំាងនិង រដូវវស្សា។
លោក ថាយ សុមុនី មានប្រសាសន៍ថា «ឥលូវនេះយើងកំពុងពិភាក្សាជាមួយក្រុមជំនាញរបស់ភាគីចិន ហើយអ្វីដែលគាត់បានស្តាប់យើង ហើយគាត់យកទៅសរសេរជាផែនការឡើងនេះឃើញថាវាល្អ ព្រោះការគ្រប់គ្រងវារីវប្បកម្មនៅប្រទេសចិននេះមានការរីកចម្រើនខ្លំាងណាស់ហើយជាប់លេខមួយនៅលើពិភពលោក។ អ៊ីចឹងគាត់មកជួយយើង ដោយគាត់ចុះមកសរសេរពីបទពិសោធន៍ជាក់ស្តែង និងធ្វើបានជោគជ័យនៅប្រទេសចិន។ដូចនេះយើងសង្ឃឹមថាផែនការដែលគាត់សរសេរនេះនឹងឆ្លើយតបទៅនិងទិដ្ឋភាពជាក់ស្តែងរបស់ប្រទេសកម្ពុជា ហើយទាមទារឱ្យយើងស្វែងរកប្រភពថវិកាដើម្បីយកមកអនុវត្តនៅលើផែនការដែលយើងត្រូវធ្វើថ្ងៃខាងមុខ»៕ អត្ថបទ៖សារេត