រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្តានុពល ជាពិសេសទៅលើវិស័យលំនៅដ្ឋាន អចលនទ្រព្យនានា ដែលជាការទាក់ទាញវិនិយោគិនឱ្យកាន់តែច្រើន។ យ៉ាងណា វិនិយោគិនខ្លះ មិនទាន់ដឹងថា តើមានទិសណាខ្លះ នៃរាជធានីភ្នំពេញ ដែលមានសក្តានុពល ក្នុងការវិនិយោគនោះទេ?
ជាមួយគ្នានោះ លោក គង់ គីមសេង អ្នកជំនាញលក់អចលនទ្រព្យ បានឱ្យឧកញ៉ាញូស៍ ដឹងថា ៤ទិស នៃរាជធានីភ្នំពេញ ដែលវិនិយោគិនគួរតែសម្លឹងមើល។
ទី១ ប៉ែកខាងជើង៖ បើសិនជាវិនិយោគិនចង់វិនិយោគទៅលើប្រភេទបុរី គួរសម្លឹងប៉ែកខាងជើង នៃរាជធានីភ្នំពេញ ដែលសាកសមទៅនឹងគម្រោងសាងសង់បុរីដែលមានតម្លៃថ្លៃគួរសម ឬមានតម្លៃថ្លៃសម្រាប់អ្នកដែលមានជីវភាពធូរធា។
ទី២ ប៉ែកខាងលិច៖ បើសិនជាវិនិយោគិនជាអ្នកដែលធ្វើលើវិស័យវាយនភណ្ណ រោងចក្រកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើងជាដើម ឬប្រភេទជាឃ្លាំង គួរតែសម្លឹងមើលប៉ែកខាងលិចនៃរាជធានីភ្នំពេញ។
ទី៣ ប៉ែកខាងត្បូង៖ សម្រាប់ប៉ែកនេះ គឺអំណោយផលដល់ការសាងសង់បុរី High Riese Building, Commercial Building និងផ្ទះលំហែរជាដើម វិនិយោគិនគួរចាប់អារម្មណ៍ប៉ែកនេះ។
ទី៤ ភាគខាងកើត៖ សម្រាប់ភាគខាងកើតស្រដៀងទៅនឹងភាគខាងត្បូងដែរ ពោលអាចសាងសង់ប្រភេទផ្ទះលំហែរ ខុនដូរបែបសម្រាកលំហែរ រួមជាមួយការសាងសង់បុរីផងដែរ។
ទន្ទឹមនឹងនោះ នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន Making Property Easy បានឱ្យដឹងផងដែរថា «បើសិនជាវិនិយោគិនចង់វិនិយោគលើប្រភេទអគារខុនដូរ ឬអគារពាណិជ្ជកម្ម ក្នុងកណ្តាលរាជធានីភ្នំពេញ ត្រូវសម្លឹងមើលទីតាំងសំខាន់ៗចំនួន៤ ផងដែរ។ ដែលទីតាំងទាំង៤នោះ រួមមាន៖ ១.តំបន់បឹងកេងកង ២.ទួលទំពូង ៣.ទួលគោក និង៤.តំបន់កោះពេជ្រ»។
គួររម្លឹកផងដែរថា គិតត្រឹមដើមឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ហើយក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕
អត្ថបទ៖ ស៊ីណាត