សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមានបំណងចង់ចូលទៅទស្សនាការប្រកួតកីឡានានានៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេម រួមទាំងការបើកស៊ីហ្គេមផងដែរ តែមិនមានសំបុត្រ។
តាមរយៈសារសម្លេងរបស់សម្តេចតេជោ នៅយប់ថ្ងៃទី៣ ខែឧសភានេះ សម្ដេចយល់ថា ពលរដ្ឋពិតជាចង់ទៅមើលដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏ប៉ុន្តែដោយសារតែស្ថានភាពពហុកីឡដ្ឋានមានទំហំមិនគ្រប់គ្រាន់សម្រាប់អ្នកដែលចង់ទៅមើលទាំងអស់ ដូច្នេះសម្ដេចស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមិនបានចូលទៅមើល។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពាក់ព័ន្ធសំបុត្រចូលរួមបើក-បិទ និងការចូលរួមមើលកីឡាបាល់ទាត់ បានក្លាយជាប្រធានបទ នៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ សុំការអធ្យាស្រ័យពីបងប្អូនជនរួមជាតិជាទីស្រលាញ់ ព្រោះបញ្ហានេះ វាជាកត្ដាសត្យានុម័ត ដែលយើងមិនអាចដោះស្រាយបាន ដោយសារតែស្ដាតយើង ស្ដាតចាស់(ពហុកីឡដ្ឋានជាតិអូឡាំពិក) អាចទទួលបានតែកម្រិត ៣-៤ម៉ឺននាក់ ក្នុងពេលដែលមនុស្សចង់ចូលមើល ៣០ម៉ឺននាក់ ឬ ៥០ម៉ឺននាក់ គ្រាដែលស្ដាតថ្មី(ពហុកីឡដ្ឋានជាតិមរតកតេជោ) ដែលនឹងធ្វើពិធីបើក-បិទ អាចដាក់បានចំណុះ ៦ម៉ឺន ឬ ៧ម៉ឺននាក់ ក៏ប៉ុន្ដែមនុស្សចង់មើល គឺឈានដល់កម្រិតកន្លះលាននាក់» ។
សម្តេចបន្តថា៖ «ដូច្នេះអ្នកដែលបានទទួល ពិតជាសប្បាយរីករាយ អ្នកដែលមិនបានទទួល គឺពិបាកចិត្ត ហើយពេលខ្លះ ក៏មានការរិះគន់តាមរយៈ Facebook មកលើអ្នកចាត់ការ ។ ប៉ុន្ដែខ្ញុំ ព្រះករុណាខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ យើងមានទីធ្លារត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្ដែមនុស្សចង់ចូលមើលច្រើន ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ។ ជំនួសមកវិញ យើងបានរៀបចំឲ្យមានការបញ្ចាំងស្លាយ(LED) ដើម្បីបងប្អូនមើលនៅខាងក្រៅ បម្រើឲ្យការកម្សាន្ដសប្បាយរ៉ាប់ម៉ឺននាក់ទូទាំងប្រទេស មិនមែននៅតែត្រឹមខេត្តទេ គឺធ្វើទៅតាមស្រុក ឃុំ និងទីអារាមនានាទៀត ដែលប្រជាជនរបស់យើងសប្បាយរីករាយ»។
«ខ្ញុំព្រះករុណាខ្ញុំ សុំចិត្តបងប្អូនយោគយល់ ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាល គ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត ។ រឿងនេះ វាមិនមែនកើតតែក្នុងប្រទេសកម្ពុជានោះទេ វាកើតតែស្ទើរគ្រប់ប្រទេស។ ប្រទេសគេលក់សំបុត្រ អ្នកខ្លះទិញបានសំបុត្រសប្បាយចិត្ត អ្នកខ្លះទិញមិនបាន ក៏មិនអាចសប្បាយចិត្ត។ ឯនៅប្រទេសយើង យើងអត់មានលក់សំបុត្រទៅទៀត គឺអ្នកចង់ចូលរួមកាន់តែច្រើន តែយើងអត់មានលទ្ធភាពបន្ថែមចំនួនឲ្យលើសពីចំណុះ ដែលត្រូវបានកំណត់ជាស្ដង់ដារ សម្រាប់ការចូលរួមដើម្បីចៀសវាងនូវការហានិភ័យគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុ» ។
ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានសំបុត្រ ចាំបាច់ត្រូវទៅទស្សនា តែបើពុំបានទៅចូលរួម ត្រូវប្រគល់សំបុត្រឲ្យអ្នកផ្សេង ដូចជាមិត្ដភ័ក្ដ្រ បងប្អូនជាដើម ដែលពុំមានសំបុត្រ ដើម្បីចៀសវាងកុំឲ្យអ្នកបានសំបុត្រមិនទៅមើល បែរជាអ្នកគ្មានសំបុត្រចង់ទៅមើល មិនបានទៅវិញ។ នេះជាដំណោះស្រាយ ហើយសង្ឃឹមថា ប្រជាជន បងប្អូនស្រលាញ់វិស័យកីឡា នឹងយោគយល់អធ្យាស្រ័យ ចំពោះរាជរដ្ឋាភិបាល ចំពោះគណៈកម្មការរៀបចំការប្រកួត ក៏ដូចជាទីកន្លែងប្រកួតនីមួយៗ។
សម្ដេចតេជោក៏សុំយោគយល់អធ្យាស្រ័យ ហើយសុំរក្សានូវភាពថ្លៃថ្នូរ ហើយសូមបងប្អូនយោគយល់ កុំវាយប្រហារ តាមរយៈបណ្ដាញសង្គម វាមិនយុត្ដិធម៌ ចំពោះអ្នកដែលកំពុងប្រឹងប្រែង សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ សូម្បីតែបងប្អូនអ្នកមកពីក្រៅប្រទេស និងជនបរទេសខ្លះ ក៏មានការលើកឡើងពីបញ្ហានេះ ប៉ុន្ដែខ្ញុំព្រះករុណាខ្ញុំគិតថា ប្រហែលជាយើងខ្វះការពន្យល់ពីដើមទីឲ្យដឹងថា ចំនួននេះ គឺជាចំនួនដែលយើងមានត្រឹមតែប៉ុណ្ណឹងក្នុងពេលមនុស្សមានច្រើនជាងហ្នឹង។ ដូច្នេះហើយសង្ឃឹមថា បងប្អូននឹងយល់អធ្យាស្រ័យ ព្រោះថាទីកន្លែងមានកម្រិត ក្នុងពេលដែលសេចក្ដីត្រូវការរបស់មនុស្សលើសពីចំនួនកំណត់ច្រើនដង»។
ជាមួយគ្នានេះដែរ សម្ដេចតេជោ បានលើកទឹកចិត្ត និងជំរុញឲ្យអាជ្ញាធររាជធានី-ខេត្ត ស្រុក ឃុំ រហូតដល់ទីអារាមនានា ដែលមានលទ្ធភាពអាចរៀបចំបានរៀបចំនូវស្លាយ(LED) ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាការប្រកួតកីឡាគ្រប់ទីកន្លែង ពិសេសពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម៕
អត្ថបទ៖ អក្ខរា