បន្ទាប់ពីបរាជ័យក្នុងការប្រកួតចម្រុះក្នុងពូលA ក្នុងព្រិត្តិការណ៍ sea games នាយប់ថ្ងៃទី៧ ខែឧសភានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាចាប់ពីរាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣ តាមការសន្យាដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវ ហើយលោកប្រគល់ជូនលោក ខៀវ សាម៉េត អនុប្រធានស.ប.ក ជាប្រធានស្តីទីចាប់ពីពេលនេះតទៅ។
នាយឧត្តមសេនីយ៍ សៅ សុខា បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកបែបនេះថា៖ ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងបងប្អូនដែលបានបញ្ចេញមតិគាំទ្រខ្ញុំ អោយបន្តដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជាព្រមទាំងសូមអភ័យទោសដែលរូបខ្ញុំបាទពុំអាចនាំកិត្តិយសជូនជាតិបានតាមរយះការប្រកួតបាល់ទាត់ក្នុងព្រិត្តិការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាយឧត្តមសេនីយ៍ថ្លែងបន្តថា ខ្ញុំសូមអរគុណលោកអនុប្រធាន សមាជិកគណះកម្មាធិការប្រតិបត្តិស.ប.ក និងមន្ត្រីបុគ្គលិកទាំងអស់ដែលបានរួមជាមួយខ្ញុំបាទធ្វើការងារលើវិស័យកីឡាបាល់ទាត់កន្លងមក។
សូមជម្រាបជូនថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលថ្មីៗនេះថា ប្រសិនបើការប្រកួតក្នុង group ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកសូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។
នាយឧត្តមសេនីយ៍ បានសរសេរថា កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយះវិស័យកីឡាបាល់ទាត់។
លោកសរសេរអះអាងថា៖ “បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម”។
លោកបន្ថែមថា ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ៕