សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសឡាវ រួមគ្នាជាមួយកម្ពុជាពិនិត្យលើការរៀបចំកិច្ច ព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានកាន់តែច្រើនឡើងថែមទៀត។
ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

សម្ដេចតេជោ បានឯកភាពជាមួយឯកឧត្តម ថងលុន ស៊ីសុលីត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ ហើយសម្ដេច ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា ។

នៅក្នុងជំនួបនេះ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។
ឯកឧត្តម ថងលុន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ វិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា ៕