កម្ពុជា-តួកគី នឹងពង្រីកកិច្ចសហការវិនិយោគបន្ថែម ខណៈពាណិជ្ជកម្មទ្វេភាគីកើនដល់ ៥២ លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-តួកគី បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំពង្រីកកិច្ចពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកើនដល់ ៥២ លានដុល្លារអាមេរិក។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងក្រសួងពាណិជ្ជកម្ម និងតួកគីប្រចាំកម្ពុជា កាលថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះលោកស្រីអគ្គរដ្ឋទូត ដែលជានិច្ចកាលបានខិតខំលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ឆ្លៀតឱកាសនោះ លោកស្រីក៏បាន ស្នើអគ្គរដ្ឋទូតតួកគី ឱ្យលើកទឹកចិត្តនិងកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យរួមមាន៖ កៅស៊ូ ដំឡូងមី ស្រូវ-អង្ករ គ្រាប់ស្វាយចន្ទី ស្វាយ ចេក ជាដើម។

ជាការឆ្លើយតប លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ក៏បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម បានឈានដល់ចំណុចរបត់ថ្មីមួយពោពេញដោយថាមវ័ន្ត និងការសហការស្អិតរមួត។ លោកស្រីបន្តថា ការណ៍នេះបានញ៉ាំងឱ្យតួកគីបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មដំបូងនិងបង្កើតការិយាល័យពាណិជ្ជកម្មប្រចាំកម្ពុជា ដែលនឹងចូលរួមចំណែកបន្ថែមក្នុងកិច្ចសម្របសម្រួលការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវិស័យឯកជននៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏បានប្តេជ្ញា នឹងព្យាយាមបញ្ចប់នីតិវិធីចាំបាច់ផ្ទៃក្នុង ដើម្បីចាប់ផ្តើមធ្វើការសិក្សាអំពីសមិទ្ធិលទ្ធភាព មុននឹងឈានដល់ការចរចាបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា-តួកគី នាពេលឆាប់ៗខាងមុខ សំដៅបម្រើដល់ផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋ រួមមាន អ្នកនាំចេញ-នាំចូល ពាណិជ្ជករ អ្នកប្រើប្រាស់ ផលិតករ ធុរជន និងវិនិយោគិន។

សូមបញ្ជាក់ដែរថា គឹតត្រឹមត្រីមាសទី១ នៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគីសម្រេចបានប្រមាណ ៥២ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៨០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សម្លៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ជាដើម។ រីឯកម្ពុជានាំចូលទំនិញសក្តានុពលពីតួកគី រួមមាន៖ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕

អត្ថបទ៖ ពិសី