សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានក្តីរំពឹងថាតម្រូវការសាច់ជ្រូកកើនឡើង និងងាយស្រួលលក់នៅលើទីផ្សារ

សង្គម​ និង​សេដ្ឋកិច្ច

ស្របពេលព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកាន់តែខិតចូលមក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបង្ហាញក្តីរំពឹងថាតម្រូការសាច់ជ្រូកនិងកើនឡើងហើយងាយស្រួលលក់ថែមទៀតផងនៅលើទីផ្សារក្នុងពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


យោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យ ឧកញ៉ាញូស៍ ដឹងថា ផ្អែកទៅលើការរីកចម្រើននៃវិស័យចិញ្ចឹមសត្វនាពេលបច្ចុប្បន្ន ការផ្គត់ផ្គង់សាច់នៅលើទីផ្សារ ពិសេសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកក៏ដូចជា សាច់ផ្សេងទៀត។

លោក ស្រ៊ុន ពៅ មានប្រសាសន៍«ថាក្នុងកំឡុងពេលកម្ពុជាប្រាព្ធព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នំា២០២៣នេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាមានក្តីសង្ឃឹមថាតម្រូវការសាច់ជ្រូកវានិងកើនឡើងហើយមានភាពងាយស្រួលនៅក្នុងការលក់នៅលើទីផ្សារថែមទៀតផង»។

តាមប្រធានសមាគម តម្លៃជ្រូករស់មកដល់ពេលនេះតម្លៃបានហក់ឡើងបន្តិចទៀតហើយ ពោលតម្លៃជ្រូករស់បានឡើងថ្លៃពីជាង៨០០០រៀលទៅជាង៩០០០រៀលក្នុងមួយគីឡូក្រាមក្នុងពេលសព្វថ្ងៃ ហើយទៅថ្ងៃខាងមុខខាងសមាគមអ្នកចិញ្ចឹមសត្វ ក្រុមហ៊ុននិងកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅតែមានសេចក្តីសង្ឃឹមថានៅថ្ងៃណាមួយអ្នកចិញ្ចឹមនឹងអាចរកផលចំណេញឡើងវិញ។

លោក លី ឡាវិល ក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាធ្លាប់លើកឡើងថា បច្ចុប្បន្នតម្លៃជ្រូករស់នៅលើទីផ្សារបានងើបឡើងវិញបន្តិច ក្រោយពីជួបវិបត្តិរយៈពេល៨ខែមកនេះ វាមានពីរកត្តា៖ ១)-រាជរដ្ឋាភិបាលសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគ្រប់គ្រងសាច់បង្កកមិនឱ្យមានបរិមាណលើសលុបពេកនៅលើទីផ្សារ អ៊ីចឹងធ្វើឱ្យកសិករអាចលក់ជ្រូកខ្លួនឯងបានថ្លៃខ្លះ និង២)-ក្នុងរយៈពេល៨ខែ ដែលជ្រូកធ្លាក់ថ្លៃនេះ ធ្វើឱ្យប្រជាជនខ្នាតតូចមួយចំនួនធំបានបោះបង់ការចិញ្ចឹម និងកសិដ្ឋានមួយបានក្ស័យធន់ អ៊ីចឹងធ្វើឱ្យការផ្គត់ផ្គង់សាច់មានការថយចុះបន្តិច ទើបធ្វើឱ្យតម្លៃជ្រូករស់បានហក់ឡើងវិញពីតម្លៃ៧៥០០រៀលដល់ជិត៩០០០រៀលក្នុងមួយគីឡូក្រាម។

លោក លី ឡាវិល មានប្រសាសន៍ថា«យើងរំពឹងថាបើរាជរដ្ឋាភិបាលមានការគ្រប់គ្រងសាច់បង្កកបានល្អប្រសើរនៅក្នុងរយៈពេលមួយខែពីរខែទៅមុខថែមទៀត យើងសង្ឃឹមថាអ្នកចិញ្ចឹមសត្វអាចរួចខ្លួន តម្លៃនិងឡើងមកដល់ថ្លៃដើមផលិតរបស់យើងវិញ។ដូចនេះបើសាច់បង្កកដែលនំាចូលមកប្រទេសថៃត្រូវកេបោះចោល បែរជាហូរមកម្តងទៀតនោះវានិងធ្វើឱ្យវិស័យចិញ្ចឹមសត្វកម្ពុជាជួបបញ្ហាធ្ងន់ធ្ងរឡើងវិញ»៕

អត្ថបទ៖សារេត