ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២ លានដុល្លារអាមេរិកជូនរដ្ឋាភិបាលកម្ពុជាសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្កាត់ការរាលដាល COVID-19។ នេះបើយោងតាមព្រះរាជសារចុះថ្ងៃទី១៦ ខែមិថុនា របស់ព្រះមហាក្សត្រទៅកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាការចុះផ្សាយនៅលើបណ្តាញសង្គម Royal du Cambodge។

ព្រះរាជទ្រព្យ២លានដុល្លារអាមេរិក មាន១លានដុល្លារជាព្រះរាជវិភាគទានរបស់សម្តេចព្រះវររាជមាតា និង១លានដុល្លារទៀតជាព្រះរាជវិភាគទានរបស់ព្រះករុណា ព្រះមហាក្សត្រ។ «ខ្ញុំសូមចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានូវព្រះរាជទ្រព្យចំនួន១លានដុល្លារអាមេរិកសម្រាប់ជាវិភាគទានលើកទី២ ចូលរួមបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19»។ នេះជាព្រះរាជចំណាររបស់ព្រះមហាក្សត្រជូនទៅកាន់សម្តេច ហ៊ុន សែន។

កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ព្រះមហាក្សត្រកម្ពុជា បានប្រោសប្រទានព្រះរាជទ្រព្យ១សែនដុល្លារ ហើយសម្តេច ព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទាន២សែនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទុកចំណាយលើការទប់ស្កាត់និងការប្រឆាំងជំងឺរាលដាលសាកល COVID-19 នេះ។



បច្ចុប្បន្ន កម្ពុជា នៅសល់អ្នកជំងឺពីរនាក់ដែលស្ថិតក្រោមការព្យាបាល ខណៈ១២៨នាក់ក្នុងចំណោម១៣០ករណី បានជាសះស្បើយ៕