យោងតាម សេចក្តីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ឧសភា នេះប្រកាសថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus)របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឱ្យដឹងនៅថ្ងៃទី៥ ឧសភា នេះថា៖ ១)- ខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី១៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា ទីតាំងប្រកួតសណ្ឋាគារណាហ្គាវើលដ៍ទី១ និងទី២ រួចបន្តដំណើរលើតីរវិថីព្រះស៊ីសុវត្ថិ, ឈប់នៅស្ថានីយចំណតរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួត នៃកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) បន្ទាប់មកឆ្លងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយឈប់នៅទីតាំងប្រកួតដាយណូស័រអឺឡាយហ្វ ទីតាំងប្រកួតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍OCIC ទីតាំងប្រកួតក្នុងបុរីរុងរឿង និងទីតាំងប្រកួតសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ស.ស.យ.ក) រួចបន្តដំណើរតាមផ្លូវជាតិលេខ៦អា, ឈប់នៅទីតាំងប្រកួតវាយកូនហ្គោលហ្គាឌិនស៊ីធីហើយធ្វើដំណើរឆ្ពោះមកចំណតរង់ចាំរថយន្តក្រុងនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

២)- ខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Express Bus) ខ្សែទី២៖ ចេញដំណើរពីចំណតរង់ចាំរថយន្តក្រុងពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី បន្តមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងឈប់នៅទីតាំងសំខាន់ៗមួយចំនួនដូចជា៖ ឈប់នៅស្ថានីយចំណតរង់ចាំរង្វង់មូលកួចកាណុង និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រួចបន្តដំណើរមកវិថីឧកញ៉ាឃ្លាំងមឿង កាត់តាមតំបន់អភិវឌ្ឍន៍កាំកូស៊ីធី, ឈប់នៅទីតាំងប្រកួតក្លឹបបាល់ទាត់ភ្នំពេញក្រោន និងឈប់នៅទីតាំងប្រកួតកីឡដ្ឋានព្រីនស៍ និងបន្តដំណើរតាមមហាវិថីឈ្នះឈ្នះទៅកាន់ចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖សារេត