ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់មានពីមុនមក ស្របពេលដែលសម្តេចតេជោ បានទទួលគ្រឿងឥស្សរិយយស មរតកអូឡាំពិកអន្តរជាតិជាគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ។
ក្នុងព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ កោតសរសើរដ៏កក់ក្តៅជាទីបំផុតចំពោះសម្តេចតេជោ ដែលជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ មានគុណបំណាច់ដ៏ធំធេង ប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់។ សម្តេចតេជោ ពិតជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យកម្ពុជា មានស្ថិរភាពសង្គម ដែលជាការនាំឱ្យប្រជារាស្ត្រទទួលបានសេចក្ដីសុខសន្តិភាព និងមានការអភិវឌ្ឍជាតិដ៏ត្រចះត្រចង់លើគ្រប់វិស័យជាពិសេសបានជំរុញចលនាកីឡាជាតិឱ្យមានភាពរីកចម្រើន។
ដោយបានទទួលព្រះរាជសារលិខិតព្រះករុណា ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចេញសារលិខិតថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរ ព្រមទាំងប្រទានព្រះពរបវរមហាប្រសើរ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្ដេចតេជោទទួលបានគ្រឿងឥស្សរិយយសខ្ពស់បំផុត «មរតកអូឡាំពិកអន្តរជាតិ» របស់ចលនាអូឡាំពិកអន្តរជាតិពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
សម្ដេចតេជោ ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងថ្វាយយ៉ាងឧឡារិកចំពោះជោគជ័យជាវិជ្ជមានដែលបានទទួលនាឱកាសនេះ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ព្រមទាំងបានលើកស្ទួយវិស័យកីឡា ចលនាអូឡាំពិកជាតិ និងចលនាអូឡាំពិកអន្តរជាតិ ពិសេសព្រះករុណា អង្គព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រទាននូវការគាំទ្រ កោតសរសើរដ៏កក់ក្តៅជាអតិបរមា ចំពោះកិច្ចខំបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ជាតិប្រជាពលរដ្ឋជារៀងរហូតមក។
គួរបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះរាជាណាចក្រកម្ពុជា បានកត់ត្រាប្រវត្តិសាស្ត្រមួយបន្ថែមសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលបានទន្ទឹងរង់ចាំជាង៦៤ឆ្នាំ(ចាប់តាំងពីឆ្នាំ១៩៥៩-២០២៣) ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម៕